(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បន្ដជំរុញពន្លឿនគម្រោង ដឹកជញ្ជូន អ្នកដំណើរ និងទំនិញ តាមផ្លូវទឹក ពីព្រែកព្នៅ -ទៅក្រុងតាខ្មៅ ឲ្យបានក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះ នឹងបន្ដបេ្ដជ្ញាក្នុងការធ្វើឲ្យប្រសើរឡើងទាំងផ្លូវគោក និងដែកផងដែរ ដើម្បីឲ្យកម្ពុជាក្លាយជាទីតាំងប្រកួតប្រជែង សម្រាប់ធ្វើអាជីវកម្ម ។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំពិគ្រោះយោបល់លើកទី១» ស្តីពីការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ នាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូក្រុមជំនាញការភស្តុភារកម្ម នៃធនាគារពិភពលោក អង្គការ JICA តំណាងមកពីក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ផ្សេងៗទៀតផងដែរ។
លោកទេសរដ្ឋមន្ដ្រីថ្លែងបន្ដថា «ដើម្បីឲ្យកម្ពុជា ក្លាយជាទីតាំងប្រកួតប្រជែង សម្រាប់ធ្វើអាជីវកម្ម យើងនឹងបង្កើតនូវក្រុមប្រឹក្សា ភស្តុភារកម្មជាតិ(NLC) គណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ (NLSC)ដែលក្រុមប្រឹក្សា ភស្តុភារកម្មជាតិនេះ ពិតជាសំខាន់ណាស់ ទាំងភាគីពាក់ព័ន្ធនៅទីនេះ ជាមួយនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងផែនការ និងឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកធ្វើគោលនយោបាយដ៏សំខាន់ ហើយក្រៅពីនេះ យើងក៏មានភ្នាក់ងារមកពីស្ថានប័នរាជរដ្ឋាភិបាល និងដៃគូពីវិស័យឯកជន និងភាគីផ្សេងទៀតដែរ»។
ទេសរដ្ឋមន្ដ្រី បន្ដទៀតថា «សម្រាប់ការដឹកជញ្ជូនវិញ គឺផ្លូវទឹក របស់កម្ពុជា មានធនធានជាច្រើន ជាមួយនឹងខ្សែបណ្ដាញ តាមទន្លេរមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេ សេកុង ទន្លេសេសាន ដែលយើងមិនទាន់បានប្រើប្រាស់នូវទន្លេរបស់យើង ជាខ្សែបណ្ដាញ ឲ្យគ្រប់សក្ដានុពលនោះទេ ។សម្រាប់ការដឹកជញ្ជូនផ្លូវគោក ពិតណាស់នៅមានផ្លូវសំបុកមាត់នៅឡើយ តែសម្រាប់ផ្លូវទឹក គឺមានមិនផ្លូវសំបុកមាន់នោះទេ ដូច្នេះវិស័យឯកជនអាចប្រើប្រាស់ការដឹកជញ្ជូននូវផ្លូវទឹក តាមទន្លេរបស់យើងយ៉ាងសម្បូរបែប ដើម្បីជៀសវាងការកកស្ទះនៅទីក្រុងភ្នំពេញ យើងកំពុងតែស្ថិតនៅដំណើរការរៀបចំ នូវដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ទៅក្រុងតាខ្មៅ ដែលក្រុមរបស់ពួកខ្ញុំ កំពុងធ្វើការប្ដេជ្ញាចិត្ដ ដើម្បីរៀបចំនូវការងារនេះ ឲ្យបានក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះ» ។
លោកទេសរដ្ឋមន្ដ្រី បន្ដទៀតថា ដើម្បីគោលដៅយុទ្ធសាស្រ្ត ប្រកបដោយសក្កានុពល យើងនឹងបន្ដធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវថ្នល់ ផ្លូវដែកពីក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ការស្តារផ្លូវដែកភាគខាងជើងភ្នំពេញ- ប៉ោយប៉ែត ការសាងសង់ផ្លូវរថភ្លើងដឹកអ្នកដំណើរពីទីក្រុងទៅកាន់ព្រលានយន្តហោះ ការតភ្ជាប់ផ្លូវរថភ្លើង ពីភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT) នៅរាជធានីភ្នំពេញ៕