(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ទង្វើក្លែងបន្លំរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ពេលនេះ បង្កើតបានជាបទល្មើសព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផង និងនាំឱ្យ CNRP ប្រឈមមុខនឹងច្បាប់គណបក្សនយោបាយថែមទៀត។
ការអះអាងរបស់ លោក គឹម សន្តិភាព បានធ្វេីឡេីងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងទាំងអស់ចេញ នៅក្នុងគណបក្សនេះរួចហើយនោះ បានក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីបានជាសំឡេងបង្ហាញជំហរ ប្តេជ្ញានៅជាមួយគណបក្សប្រឆាំង។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈសេចក្តីថ្លែងការណ៏របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាភស្តុតាងបង្ហាញថាអំពើក្លែងបន្លំជាតំណារាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី ជាអំពើល្មើសព្រហ្មទណ្ឌដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!
មិនត្រឹមតែប៉ុណ្ណោះអំពើនេះ នាំអោយគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងច្បាប់ស្តីពីណបក្សនយោបាយថែមទៀត ព្រោះបានបង្ហាញពីទំនាក់ទំនងរវាងគណបក្សនយោបាយ ជាមួយទណ្ឌិតរូបនេះ»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសលាលែងរបស់ទណ្ឌិតរូបនេះ បានធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ ឬសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ឡើយ។
បេីតាមច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍គណបក្សនយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕