(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា ការចូលរួមសកម្មភាពដឹកនាំ គណបក្សសង្រ្គោះជាតិ និង ការចុះហត្ថលេខាក្នុងនាមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដោយទណ្ឌិត សម រង្ស៊ី ពេលនេះ គឺជាចេតនា ក្នុងការបំផ្លាញគណបក្សសង្រ្គោះជាតិ ដោយផ្ទាល់ដៃរបស់លោក មុនពេលដែលតុលាការកាត់ទោសរំលាយ។
ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ អ្នកនយោបាយជំនាន់ថ្មី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងពីតំណែងនោះ បានតាំងខ្លួនជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហើយចេញសេចក្តីថ្លែងការណ៍ជាមួយក្រុមតំណាងរាស្រ្ត បង្ហាញរក្សាជំហររបស់ខ្លួន មិនរត់ចោលគណបក្សសង្រ្គោះជាតិ។
ការចេញមុខរបស់លោក សម រង្ស៊ី ដោយតាំងខ្លួនឯងជាតំណាងរាស្រ្តបក្សប្រឆាំងនោះ ត្រូវបានគេវិភាគថា បានធ្វើឱ្យខុសនឹងច្បាប់គណបក្សនយោបាយថ្មី ដែលកំណត់មិនឱ្យគណបក្សនយោបាយទាំងអស់ ប្រើប្រាស់ពិរុទ្ធជន ឬទណ្ឌិត ដើម្បីចំណេញនយោបាយរបស់ខ្លួនឡើយ។
លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើគណបក្សសង្រ្គោះជាតិ មិនរលាយដោយខ្លួនឯងទេ មានតែចម្លែក ដោយហេតុថា គណបក្សសង្រ្គោះជាតិ មួយនេះកំពុងប្រើប្រាស់ទណ្ឌិត ដើម្បីទាញយកផលប្រយោជន៍ ឱ្យគណបក្សសង្រ្គោះជាតិ ជាពិសេស លោក សម រង្ស៊ី កំពុងតែបោកប្រាស់មហាជន និងបងប្អូនជនរួមជាតិ ដែលលោក សម រង្ស៊ី បានប្រកាសខ្លួនឯងថា លាឈប់ពីគណបក្សសង្រ្គោះជាតិ ក៏ប៉ុន្តែផ្ទុយទៅវិញ លោក សម រង្ស៊ី កំពុងតែដើរតួរយ៉ាងសំខាន់ នៅក្នុង គណបក្សសង្រ្គោះជាតិដដែល»។
លោកបានបន្តថា «ដូច្នេះ ទើបខ្ញុំហ៊ានថា បើគណបក្សសង្រ្គោះជាតិមិន រលាយដោយខ្លួនឯងទេ មានតែចម្លែក ម៉្យាងវិញទៀត លោក សម រង្ស៊ី កំពុងបំផ្លាញ គណបក្សសង្រ្គោះជាតិ ដែលបងប្អូនមួយចំនួនធំបានលះបង់ ដើម្បីគណបក្សមួយនេះ ចុងក្រោយបែរជាលោក សម រង្ស៊ី មកបំផ្លិចបំផ្លាញទៅវិញ បើសិនជាយើងនាំគ្នាគិតលើចំណេះដឹងរបស់លោក សម រង្ស៊ី វិញ គឺថាលោក សម រង្ស៊ី មិនល្ងង់ដល់ថ្នាក់មិនយល់អំពីច្បាប់ ដែលមានប្រសិទ្ធភាព នោះឡើយ ដោយហេតុច្បាប់ថ្មីរបស់គណបក្សនយោបាយ ដែលហាមឃាត់ និងមិនអនុញ្ញាតអោយ ទណ្ឌិតលូកដៃចូលកិច្ចការងារផ្ទៃក្នុងរបស់គណបក្ស នយោបាយ ត្រូវបានអង្គព្រះមហាក្សត្រព្រះអង្គ បានព្រះរាជទានឱ្យប្រើប្រាស់ច្បាប់នោះជាធរមាន»។
លោកបានបន្តទៀតថា «ក្នុងន័យនេះ គឺមានន័យថាលោក សម រង្ស៊ី មិនព្រមឲ្យបុគ្គលណាមួយនៅក្នុងជួរគណបក្សសង្រ្គោះជាតិ ទទួលបាននូវកិត្តិយស ឬផលប្រយោជន៍ ពីគណបក្សសង្រ្គោះជាតិនោះឡើយ ដូច្នេះលោក សម រង្ស៊ី ត្រូវតែបំផ្លាញនូវគណបក្សសង្រ្គោះជាតិនេះចោល ដោយផ្ទាល់ដៃ ខ្លួនឯងតែម្តង។ នេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ចំពោះចរិកមាយាទអាត្មានិយមរបស់លោក សម រង្ស៊ី»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសលាលែងរបស់ទណ្ឌិតរូបនេះ បានធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ ឬសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ឡើយ។
សម្រាប់ច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍គណបក្សនយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕