(ព្រះវិហារ)៖ លោក សាត់ សារឿន អាយុ៥៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានអះអាងថា ដោយសារមើលឃើញលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ក្បត់ជាតិ សុខចិត្តឱនក្បាលបម្រើរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយប្រទេសជាតិ ទើបលោកសម្រេចចិត្តប្រកាសចូលរួមរស់ជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
បើតាមលិខិតដែលផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា ស្រុករវៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សាត់ សារឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ពីមុនរូបខ្ញុំមិននឹកស្មានថា ការតស៊ូដំណើ្ដមអំណាចតាមរយៈការបោះឆ្នោត គឺស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែក្រោយពីបានឃើញឃ្លឹបវីដេអូ និងសកម្មភាពជាក់ស្ដែងការញុះញង់ បំបែកបំបាក់ខ្មែរ។ ជាក់ស្តែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅបានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)