(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខពុទ្ធសាសនបណ្ឌិត ភូមិ១៤ ក្រុម៧៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសចំនួន២គឺកាន់កាប់អាវុធខុសច្បាប់ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
មន្រ្តីនគរបាលបានឲ្យដឹងថា បទល្មើសទី១ គឺកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅរង្វង់មូលតោពីរភូមិ៤ សង្កាត់លេខ៤ ក្រុង-ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៧៧ «ត» ដចន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ។
បទល្មើសទី២ សមគំនិតក្នុងអំពើលួចប្រព្រឹត្តនៅចំណុច ផ្លូវព្រះសីហនុ កែងផ្លូវលេខ៦៣ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ៧០៩ «រ»ដ.ច.ន ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុច ចន្ទ័សុភក្រ្ត័ ហៅ ភក្តិ ហៅ កាម៉ាប់ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខបេ១២ ផ្លូវបេតុង ក្រុម ១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕