(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំ រវាងខេត្តក្រចេះ និងប៊ិនភឿក ហើយកាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន។
លោកស្រី កុយ ពិសី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូព្រំដែនមួយក្រុម ចុះត្រួតពិនិត្យការសាងសង់ បង្គោលព្រំដែន បំពេញបន្ថែម និងការសាងសង់ផ្លូវ នៅតាមព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តក្រចេះ និងប៊ិនភឿក។
បន្ទាប់ពីចុះពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែមនេះ លោកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ខ្សែព្រំដែនរវាងខេត្តទាំងពីរនេះ គឺខេត្តក្រចេះ និងខេត្តប៊ិនភឿក ភាគីទាំងពីរបានឯកភាពគ្នារួចរាល់ហើយ និងបានបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុងបាន ១០០ % ហើយដែរ។ ភាគីទាំងពីរកំពុងបន្តបោះបង្គោលព្រំដែនបំពេញបន្ថែម និងឯកភាពបញ្ចប់ការងារនេះ នៅដំណាច់ឆ្នាំ ២០១៧នេះ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកស្រី កុយ ពិសី ក៏បានចុះសួរសុខទុក្ខកម្លាំងការពារព្រំដែន នៅប៉ុស្តិ៍ត្រពាំងស្រែនិងប៉ុស្តិ៍ត្រពាំងក្រញូង៉ ដោយឧបត្ថម្ភមួយប៉ុស្តិ៍ៗទទួលបាន មីមួយកេះធំ ត្រីខ ២កេះ និងថវិកា មួយចំនួនផងដែរ។
សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈប្រតិភូព្រំដែនកម្ពុជា បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យមើលការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម។ រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕