(ភ្នំពេញ)៖ លោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិក នៃក្រុមហ៊ុន Akarawa របស់ប្រទេសជប៉ុន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា ភាពរីកចម្រើនគ្រប់ផ្នែក និងស្ថានការណ៍ដ៏នឹងហ្ន នៃសេដ្ឋកិច្ចរបស់កម្ពុជា ជាហេតុផលមួយដែលនាំឲ្យក្រុមហ៊ុនផ្សេងៗ ក៏ដូចជា ក្រុម​ហ៊ុនរបស់លោក ចូលមកវិនិយោគ-រកស៊ី នៅក្នុងប្រទេសកម្ពុជា។

ការឡើងលើកបែបនេះរបស់លោក អាឡិច យ៉ាស៊ូម៉ូតូ បានធ្វើឡើងក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន អារ៉ាខាវ៉ា (Arakawa) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក អាឡិច យ៉ាស៊ូម៉ូតូ បានថ្លែងយ៉ាងដូច្នោះថា «ខ្ញុំយល់ថា ក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចមានអនាគតល្អ ប្រជាជនវ័យក្មេងមានច្រើន ស្ថានការណ៍​ស្រុកទេសវិញ គឺមានភាពនឹងហ្នល្អ ជាពិសេសរាជរដ្ឋាភិបាល មានគោលនយោបាយគាំទ្រចំពោះអ្នកវិនិយោគទុនបរទេស»។

សហស្ថាបនិក នៃក្រុមហ៊ុនជប៉ុនរូបនេះ បានបញ្ជាក់ថា ហេតុផលទាំងនេះហើយ ដែលបណ្ដាលឲ្យក្រុមហ៊ុនផ្សេងៗទៀត ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា កាន់តែ​ច្រើនឡើងៗ។

លោកបានឲ្យដឹងផងដែរថា មើលឃើញពីភាពចាំបាច់ នៃតម្រូវការភាពម្ចាស់កម្មសិទ្ធិ នៃពលរដ្ឋកម្ពុជាទាំងនេះ ក្រុមហ៊ុនអារ៉ាខាវ៉ា បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ជាង៧០លានដុល្លារអាមេរិក សាងសង់លំនៅឋានបែបខុនដូរ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។

លោក អាឡិច យ៉ាស៊ូម៉ូតូ បន្ដថា «ការសង់នេះ ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជា ដែលជាសិស្សនិស្សិតគូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មាន ចំណូល ទាប និងមធ្យមក៏ដោយ ក៏អាចទិញនៅលំនៅស្ថានខុនដូរបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្ដាលទៅទីក្រុងភ្នំពេញ ហ្នឹងគេ»

សូមបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះ ធ្លាប់មានបទពិសោធន៍សាងសងអគារ Bellevue Serviced Apartments ដែលមានទីតាំងនៅត្រើយខាងកើត នៃស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអារ៉ាខាវ៉ានេះហើយ ដែលបានសហការជាមួយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានវិនិយោគទុនដោះស្រាយអគារប៊ូឌីញស ដែលអាចមានហានិភ័យខ្ពស់ ជូនប្រជាជនដែលរស់នៅទីនោះ បានដោយជោគជ័យ ដែលជាគម្រោងគំរូមួយ ក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់ជាមួយនៅកម្ពុជា៕