(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ រួមទាំងសមាជិក-សមាជិកា ប្រមាណ៣០នាក់ បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងឱកាសខួបលើកទី៦៤ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-២០១៧។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ន្ធកម្ពុជាមានប្រសាសន៍ថា « ស្មារតីទិវា ៩ ខែវិច្ឆិកា» គឺមានអត្ថន័យសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនឲ្យមានស្មារតីភ្ញាក់រលឹក៖ ទី១) គឺត្រូវចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ និងចងចាំនូវទស្សនវិជ្ជាមួយថា ប្រជាជាតិមួយត្រូវមានឯករាជ្យពេញលេញលើគ្រប់វិស័យ។ ទី២) «ស្មារតី៩វិច្ឆិកា» ដាស់ដល់ឧត្តមគតិយើងជាកូនខ្មែរគ្រប់គ្នាត្រូវតែប្តេជ្ញាបន្តថែរក្សាឯករាជ្យភាពដែលមានសព្វថ្ងៃ ឲ្យបានយូរអង្វែងជារៀងរហូត ដើម្បីយើងមានសិទ្ធិស្វ័យសម្រេចពេញលេញលើជោគវាសនាអនាគតជាតិរបស់យើង។ និងទី៣) «ស្មារតី៩វិច្ឆិកា» បញ្ជាក់ថា ប្រទេសមួយមិនត្រូវអនុញ្ញាតឲ្យ ឯករាជ្យនិងអធិបតេយ្យជាតិរបស់ខ្លួនស្ថិតនៅក្រោមការបង្គាប់បញ្ជាឬការសម្រេចរបស់ប្រទេសណាមួយនោះជាដាច់ខាត។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ន្ធកម្ពុជាមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា ឯករាជ្យរបស់ប្រជាជាតិយើង គឺនឹងនៅតែបន្តរក្សាបាន ក្រោមស្មារតីនៃការរួបរួមសាមគ្គីជាតិដ៏រឹងមាំ ការពារឲ្យបាននូវ អត្តសញ្ញាណជាតិ បូរណភាពជាតិ អធិបតេយ្យជាតិ តម្លៃជាតិ និងកិត្តិយសរបស់ជាតិយើង។ ក្នុងតម្លៃណាក៏ដោយ យើងមិនប្រគល់ជោគវាសនាជាតិឲ្យបរទេសណាសម្រេចជំនួសយើង និងយើងមិនអនុញ្ញាតឲ្យបរទេសណាធ្វើជាគ្រូរបស់យើង ឬបង្វិលជាតិយើងដើម្បីផលប្រយោជន៍របស់គេនោះទេ។
ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺប្រទេសកម្ពុជាទទួលបានឯករាជពេញលេញពីអាណានិគមបារាំងដែលដាក់នឹមត្រួតត្រាលើកម្ពុជាជិត១០០ឆ្នាំ។ ប្រជាជនកម្ពុជា នៅតែចងចាំនូវស្នាព្រះហស្តដ៏មានតម្លៃរបស់អង្គ សម្តេចឪ ព្រះមហាវីរក្សត្រ ដែលប្រកបដោយព្រះបញ្ញាញាណ និងបានលះបង់ព្រះកាយពលយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីជាតិមាតុភូមិនិងប្រជារាស្ដ្រខ្មែរឲ្យផុតពីនឹមអាណានិគមបារាំង។
ពិធីចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នាឱកាសនេះ មានការចូលរួមពីថ្នាកដឹកនាំមន្ត្រីរាជការពីស្ថាប័នថ្នាក់ជាតិជាច្រើន ទៀតផងដែរ៕