(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាឲ្យស្នងការរងលោកឧត្តមសេនីយ៍ រឿន ដារ៉ា និងអធិការស្រុកស្អាង លោក សេង សុជាតិ ក្រោមការសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះឆែកឆេរទីតាំងមួយកន្លែង ទិញស្តុកម៉ូតូ មួយកន្លែងរកឃើញម៉ូតូមិនប្រក្រតី ចំនួន២៦គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ រួចកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ ជ្រូ គីមស្រ៊ី អាយុ៣៣ឆ្នាំ ខ្មែរមុខរបរកសិករទីលំនៅភូមិឃុំកើតហេតុ។
លោក សេង សុជាតិ បានបញ្ជាក់ថា «ដោយសារទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល យើងបានដឹកនាំបញ្ជាចុះទៅធ្វើការឆែកឆេរទីតាំងទិញ លក់ម៉ូតូខាងលើ រកឃើញម៉ូតូ ដែលអ្នកទិញលក់បានទិញមកស្តុកទុក លក់ពុំមានលិខិតស្នាមអ្វីទាំងអស់ រួចបានឃាត់ម្ចាស់ទីតាំងខាងលើនាំយកទៅសាកសួរ»។
លោក សេង សុជាតិ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យសាកសួរ ជនសង្ស័យបានសារភាពថាម៉ូតូទាំងអស់ ទិញដោយពុំមានឯកសារ គ្រប់គ្រាន់នោះ គឺគ្រាន់តែធ្វើលិខិតទិញលក់ប៉ុណ្ណោះ លុះពេលយូរថ្ងៃផុតកំណត់គេ និងលក់ម៉ូតូនោះហើយបើកទទួលទិញនេះ ពុំមានច្បាប់អនុញ្ញាតឡើយ។
បច្ចុប្បន្នទាំងម៉ូតូ និងម្ចាស់ត្រូវនាំយកមកកាន់អធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕