(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តម្រួតថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់រទះអូសរបស់កម្មករខ្មែរចំនួន៣នាក់ ដែលលួចបង្កប់ឈើគ្រញូងបម្រុងឆ្លងដែន ចូលក្នុងប្រទេសកម្ពុជា បានរត់គេចខ្លួនបាត់ស្រមោលចូលទៅក្នុងផ្សារថៃ (ផ្សាររោងក្លឿរ) ផុតពីការចាប់ខ្លួន ខណៈដែលពួកគេកំពុងអូសរទេះដឹកសំបកកែសចេញពីផ្សារថៃ ឆ្ពោះទៅកាន់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បម្រុងឆ្លងដែនចូលទៅកម្ពុជា ហើយត្រូវបានកម្លាំងចម្រុះរបស់តម្រួតថៃ ឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យទៅលើរទេះដែលពួកគេកំពុងអូសនោះ។
នគរបាលខ្មែរនៅតាមច្រកអន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយការពិនិត្យទៅលើរទេះនោះ គឺមានការបង្កប់ឈើគ្រញូងសរុបចំនួន២៣ផ្ទាំង និង១ដុំ ស្មើនឹង០,២៤៦ ម៉ែត្រគូប ដោយបច្ចុប្បន្នឈើគ្រញូង ទាំងអស់ដែលបម្រុងលោតឆ័ត្រ ចេញមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងចម្រុះប្រគល់ទៅឲ្យអង្គភាពរដ្ឋបាលព្រៃឈើ ប្រចាំតំបន់ណងវ៉ែង ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីរក្សាទុកទៅតាមនិតិវិធីច្បាប់។
បើតាមរបាយការរបស់ភាគីថៃ បានបញ្ជាក់ថា សមត្ថកិច្ចថៃ បានទទួលព័ត៌មានមួយស្តីពីការលបនាំឈើគ្រញូង ចេញពីទឹកដីថៃ ត្រង់ចំណុចផ្សារ រោងក្លឿរ ឆ្ពោះទៅកាន់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ទើបចាប់ពីរសៀលរហូតដល់ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងចម្រុះ ដែលក្នុងនោះមានទាហានកងរយលេខ១២០១ កម្លាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត តម្រួតអន្តោប្រវេសន៍ និងកម្លាំងតម្រួតទេសចរណ៍ ប្រចាំតំបន់ខ្លងលឹកបានត្រៀមជាស្រេចដើម្បីពិនិត្យទៅលើអ្វីដែលមានការសង្ស័យ។
រហូតដល់ថ្ងៃនេះ ឃើញមានរទេះមួយដែលមានកម្មករខ្មែរចំនួន៣នាក់ បានអូសចេញពីផ្សាររោងក្លឿរ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិដោយមានដឹក សំបកកែសក្រដាសសំពីង សំពោងផង ប៉ុន្តែហាក់ដូចជាមានសភាពធ្ងន់ខុសពីធម្មតា ទើបកម្លាំងចម្រុះបានស្រែកឃាត់ ឲ្យរទេះនេះឈប់ដើម្បីសុំការ ត្រួតពិនិត្យផ្ទុយទៅវិញកម្មករខ្មែរទាំង៣នាក់ នោះបានរត់ចោលរទេះចូលទៅក្នុងផ្សារថៃ បាត់ស្រមោលអស់រលីងសូម្បីតែក្រុមតម្រួតថៃ រត់តាមក៏មិនទាន់ដែរ៕