(ស្វាយរៀង)៖ លោក គឹម សាហឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចក្រម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង របស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ដោយសារមើលឃើញលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ក្បត់ជាតិ សុខចិត្តឱនក្បាលបម្រើរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយប្រទេសជាតិ ទើបលោកសម្រេចចិត្តប្រកាសចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
បើតាមលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក គឹម សាហឿន បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅថ្មីៗនេះ ខ្ញុំសង្កេតឃើញថា ការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ពុំដែលធ្វើអ្វីឲ្យមានផលប្រយោជន៍ ជូនប្រជាជនសោះឡើយ និងប្រជាពលរដ្ឋម្តងណាឡើយ ហើយថ្នាក់ដឹកនាំបក្សក្បត់ប្រជាជន ឃុបឃិតជាមួយបរទេស ចង់សម្លាប់ជាតិឯង។ ដូច្នេះខ្ញុំបាទសូមមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ដោយគណបក្សប្រជាជនមានគុណបំណាច់ ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រពលរដ្ឋទូទាំងប្រទេស»។
សូមជម្រាបថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅបានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាប្រសាសន៍ទាំងស្រុងរបស់សម្ដេច ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ)