(ភ្នំពេញ)៖ បន្ទាប់ពីមានតំណាងរាស្រ្ត និងសមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សប្រឆាំង បាននិងកំពុងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់នោះ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណជាង៤០រូបប៉ុណ្ណោះ បានចេញសេចក្តីថ្លែងការណ៍រក្សាជំហររបស់ខ្លួនជាមួយគណបក្ស សង្រ្គោះជាតិ ហើយទាមទារឱ្យដោះលែង លោក កឹម សុខា ចំណុចនេះត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នាពេលនេះមិនបានឆ្លុះបញ្ចាំងពីជំហររួមរបស់ពួកគេទេ។
ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនេះ ពុំមានហត្ថលេខា លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ និងលោក យ៉ែម បុញ្ញាប្ញទ្ធិ រួមទាំងតំណាងរាស្រ្តចំនួន១០នាក់ផ្សេងទៀតនោះឡើយ ស្របពេលដែលលោក ប៉ុល ហំម គឺជាតំណាងរាស្រ្តរបស់បក្សប្រឆាំងតែមួយគត់ ដែលបានបង្ហាញខ្លួនដ៏កម្រមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះតែម្នាក់ឯងគត់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នាពេលនេះ មិនបានឆ្លុះបញ្ចាំងពីជំហររួមរបស់ពួកគេទេ ហើយក៏មិនអាចទប់ស្កាត់ដល់សមាជិកខ្លួន ដែលចង់មកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែទោះជាយ៉ាងណា លោកអះអាងថា តំណាងរាស្រ្តទាំងនោះ នឹងអស់សុពលភាពនិងសិទ្ធិធ្វើនយោបាយយ៉ាងហោចណាស់៥ឆ្នាំ នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយនៅពេលខាងមុខ ខណៈដែលតុលាការនឹងបើកសវនាការកាត់ទោសរំលាយគណបក្សប្រឆាំង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក សុខ ឥសាន បានបន្តថា សម្រាប់តំណាងរាស្រ្ត និងសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សនេះ ដែលបានមកចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា មុនរំលាយគណបក្សសង្រ្គោះជាតិនោះ នឹងមិនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយនោះឡើយ ហើយពួកគេនឹងទទួលបានឱកាសថែមទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការរកឃើញថា មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ហើយគ្រោងកាត់ទោសរំលាយបក្សនោះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់បក្សនេះ បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ រហូតដល់ពេលនេះ ពោលគឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្រ្គោះជាតិ ៨៦រូបហើយ ដែលបានចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា៕