(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសស្វាគមន៍រាល់សមាជិករបស់ គណបក្សសង្រ្គោះជាតិទាំងឡាយ ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ដើម្បីបន្តរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងស្វាគមន៍នូវអ្នកដែលចង់មករួមរស់ជាមួយគណបក្សប្រជាជន មុនពេលគណបក្សមួយ ត្រូវបានរំលាយចោល ហើយអ្នកនយោបាយមួយចំនួនត្រូវកាត់ផ្តាច់សិទ្ធិធ្វើនយោបាយ ហើយយើងសូមស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិ បានផ្លាស់ប្តូរជីវភាពនយោបាយ ដោយផ្តាច់ចេញពីគណបក្សសង្រ្គោះជាតិ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ រហូតដល់ពេលនេះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសង្រ្គោះជាតិ ជាងរូបហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
តុលាការកំពូល នឹងបើកសវនាការកាត់ទោសលើសំណុំរឿង រំលាយគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងអំឡុងសប្តាហ៍ក្រោយនេះ បន្ទាប់ពីគណបក្សប្រឆាំងពុំបានដាក់ឯកសារ ដើម្បីឆ្លើយតបទៅនឹងដើមបណ្តឹងក្រសួងមហាផ្ទៃ៕