(ភ្នំពេញ)៖ លោក ពូ សុធីរៈ នាយកប្រតិបត្ដិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្ដិការ និងសន្ដិភាព ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០១៧នេះ បន្ទាប់ពីរូបលោកបានចូលរួមវិភាគទានយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងក្នុងវិស័យសិក្សាធិការ និងការយល់ដឹងអំបីប្រទេសជប៉ុន និងកម្ពុជា។
គ្រឿងឥស្សរិយយសនេះត្រូវបានប្រគល់ជូនលោក ពូ សុធីរៈ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ហើយលោកក៏ត្រូវបានអនុញ្ញាតឲ្យចូលគាល់ព្រះចៅអធិរាជជប៉ុននៅឯព្រះបរមរាជវាំងផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា គ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ត្រូវបានផ្ដល់ជូនលោក ពូ សុធីរៈ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងក្នុងវិស័យសិក្សាធិការ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននេះ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដែលលោក ពូ សុធីរៈ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន លោកបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីមិនត្រឹមតែក្នុងតួនាទីជាឯកអគ្គរាជទូតប៉ុណ្ណោះទេ តែក្នុងតំណែងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជានាយកប្រតិបត្ដិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្ដិការ និងសន្ដិភាព រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក៏បានរួមចំណែកជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ៕