(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីអង្ករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីបំផុត បានរកឃើញម្ចាស់ពាន់រង្វាន់ជ័យលាភីអង្ករល្អប្រចាំឆ្នាំ២០១៧ ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសថៃ ខណៈដែលអង្ករកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២។
ការប្រកួតប្រជែងស្វែងរកអង្ករល្អបំផុតប្រចាំឆ្នាំ២០១៧នេះ ធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានប្រទេសប្រមាណជា៧ចូលរួម និងមានអង្ករប្រមាណជា២១សំណាក់ ដែលត្រូវបានយកទៅប្រកួតប្រជែង ហើយអង្ករដែលត្រូវបានជ្រើសរើស គឺអង្ករក្រអូបសុម៉ាលី។ ក្នុងនោះកម្ពុជា ថៃ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសនាំមុខគេ ដោយថៃទទួលបានចំណាត់ថ្នាក់លេខ១។
លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អង្កររបស់កម្ពុជាមិនទទួលបានចំណាត់ថ្នាក់ លេខ១នោះឡើយ តែកម្ពុជានៅតែរក្សាលំដាប់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសថៃ។ ថៃបានទទួលចំណាត់ថ្នាក់អង្ករល្អលេខ១ រយៈពេល២ឆ្នាំហើយ គឺឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ ហើយកម្ពុជាក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់គ្នាផងដែរ។
លោកបានបន្ដទៀតថា សហព័ន្ធបានខិតខំប្រឹងប្រែង អស់លទ្ធភាពផងដែរ។ អ្វីដែលកម្ពុជាចង់បានខ្លាំងបំផុតនោះគឺការផ្សព្វផ្សាយឲ្យទីផ្សារអន្ដរជាតិទទួលស្គាល់ ជឿជាក់លើគុណភាព និងម៉ាកអង្កររបស់កម្ពុជា។
លោកបានបញ្ជាក់ទៀតថា ទោះបីជាកម្ពុជាមិនទទួលបានចំណាត់ថ្នាក់លេខ១ក៏ដោយ តែកម្ពុជានៅតែរក្សាចំណាត់ថ្នាក់លេខ២ដដែល ហើយការប្រកួតប្រជែងនេះមាន៧ប្រទេសចូលរួមរួមមាន កម្ពុជា, ថៃ វៀតណាម, មីយ៉ាន់ម៉ា, ស្រីលង្ការ, សហរដ្ឋអាមេរិក និងប៉ាគីស្ថាន។
សូមបញ្ជាក់ថា កម្ពុជាបាននាំយកអង្ករចំនួនពីរប្រភេទដែលត្រូវយកទៅប្រកួតប្រជែង នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិនរួមមាន៖
១៖ អង្ករក្រអូបប្រណិត (Premium Fragrant Rice) (អង្ករផ្កាខ្ញី, ផ្ការំដួល, ផ្ការំដេង, និងសូម៉ាលី)
២៖ អង្ករក្រអូប (Fragrant Rice)៕