(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអាចអនុវត្តន៍លទ្ធិប្រជាធិបតេយ្យដូចអាមេរិកទេ តែកម្ពុជានៅតែបន្តដំណើរការនូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលកម្ពុជាកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
សម្តេចតេជោនាយករដ្ឋមន្ដ្រី បានប្រាប់អាមេរិកថា អាមេរិកមិនស្រឡាញ់ខ្មែរជាងសម្តេចនោះទេ សម្តេចបានប្រឹងប្រែងត្រដររស់តាំងពីប្រទេស មានប្រជាពលរដ្ឋជាង ៥លាននាក់ និងក្រខ្សត់ជាទីបំផុត ហើយខ្មែរមិនអាចរស់ ព្រោះតែដើម្បីលុយ និងការបម្រើនយោបាយអាមេរិកនោះទេ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឱកាសសម្ដេចបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកត្រូវស្គាល់ឲ្យច្បាស់នូវអង្គហេតុ និងអង្គច្បាប់សម្រាប់ប្រទេសមួយ ដែលអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ យើងមិនអាចអនុញ្ញាតឲ្យមានលទ្ធិប្រជាធិបតេយ្យបែបឧទ្ទាមនោះទេ ប៉ុន្ដែយើងបន្ដដំណើរលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយមានការផ្សាភ្ជាប់គ្នា ប្រសិនបើអ្នកធ្វើប្រតិកម្មប្រហារជីវិតតាមរយៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រារាំងនូវការបោះឆ្នោត បំផ្លាញការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ អ្នកនឹងទទួលកំហុស អ្នកនឹងមានវិប្បដិសារីដូចអតីតកាល»។
សម្ដេចបានមានប្រសាសន៍ជាមួយសំលេងធ្ងន់ទៀតថា សម្ដេចសូមដាស់តឿនអ្នកទាំងណា ដែលស្រលាញ់ខ្មែរលើសខ្មែរ សូមកុំធ្វើប្រតិកម្មប្រហារជីវិតលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា អ្នកកំពុងធ្វើប្រតិកម្មតាមរបៀបបរទេសស្រលាញ់ខ្មែរជាងខ្មែរ ជាការខុសឆ្គង ហើយអ្នកធ្លាប់តាំងខ្លួនជាអ្នកស្រលាញ់ខ្មែរជាងខ្មែរ តែអ្នកបានសម្លាប់ខ្មែររាប់លាននាក់រួចស្រេចទៅហើយ អ្នកមិនត្រូវភ្លេចនូវអ្វីដែលជាទង្វើអតីតកាល។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យើងបន្ដការខិតខំជាមួយគ្នាដើម្បីរក្សាសន្ដិភាព និងប្ដេជ្ញានៃដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាបន្ដទៀត បើទោះបីជាបក្សនយោបាយខ្លះ ត្រូវបានរំលាយខ្លួនរួចសម្រេចទៅហើយ តាមរយៈការបោះបង់ចោលដែលគេមិនធ្វើសកម្មភាពក្នុង រយៈកាលជូនកាលជាង១០ឆ្នាំ ជូនកាល២០ឆ្នាំ តាំងពីចាប់ផ្ដើមបោះឆ្នោតដំបូង។
នាយករដ្ឋមន្ដ្រីដែលបានកសាងប្រទេសតាំងពីបាតដៃទទៃរូបនេះ បានសង្កត់ធ្ងន់ថា សម្ដេចដឹកនាំប្រទេសដោយប្រឹងរស់តាំងពីប្រជាជនប្រមាណ៥លាននាក់ រកអង្ករស៊ីមិនបាន តែឥឡូវនេះកម្ពុជាបានរស់នៅក្នុងស្ថានភាព ប្រជាជនជាង១៥លាននាក់ ហើយកម្ពុជាក៏មានអធិរាជស្បៀង រហូតទៅដល់ជាង៥លានតោនស្រូវឯណោះ៕