(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានស្នើអាមេរិកកុំធ្វើប្រតិកម្មប្រហារ ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០១៨ បើមិនដូច្នោះទេអាមេរិកនឹងមានវិប្បដិសារី ដូចពីអតីតកាលជាមិនខាន។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម ហើយមានសន្ដិភាពដល់សព្វថ្ងៃនេះ បានអំពាវនាវដល់បរទេស ដែលសំដៅដល់សហរដ្ឋអាមេរិកនោះ កុំធ្វើជាអ្នកស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯង ហើយមិនត្រូវភ្លេចរឿងរ៉ាវដែលកើតមានពីអតីតកាលនោះទេ។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៤,០០០នាក់ នៅតំបន់ចំការដូង ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅ រំលឹកអតីតកាលប្រយ័ត្នសោកស្ដាយ សូមកុំសម្លាប់សន្ដិភាព ហើយសូមកុំសម្លាប់ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា តាមរយៈទង្វើប្រតិកម្មមិនគិតអំពីអង្គហេតុ និងអង្គច្បាប់របស់ខ្លួន សូមផ្ដាំប៉ុណ្ណឹង»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាការពារនូវសមិទ្ធផល ដែលកំពុងមានរួមទាំងសុខសន្តិភាពផងដែរ ដើម្បីធានានូវការរស់រៀន មានជីវិត ការរស់រៀនលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបើគ្មានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណារស់រៀនបាន នៅក្នុងប្រទេសមានសង្រ្គាមនោះឡើយ គឺមានតែនៅក្នុងប្រទេសមានសុខសន្តិភាពតែប៉ុណ្ណោះ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធល្អប្រសើរ និងតភ្ជាប់គ្នាគ្រប់ទីកន្លែង និងមួយវិញទៀត គឺបងប្អូនប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ មានរថយន្តជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាន់តែច្រើន និងមធ្យោបាយដឹកជញ្ជូនក៏សម្បូរផងដែរ ហើយមួយវិញទៀត គឺប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់ សម្រាប់ការដើរលេងកម្សាន្តនោះ៕