(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ គ្មានការលុបចោលនោះទេ ហើយសម្ដេចថែមទាំងបានរំពឹងទុកថា សម្ដេចនឹងមានឱកាសដុតភ្លើងគប់បើកការប្រកួតកីឡាស៊ីហ្គេមនេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ បានឲ្យដឹងថា ក្រោមនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីអភិវឌ្ឍន៍ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ មានដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន ការអប់រំបណ្ដុះបណ្ដាល ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតជាដើម សំដៅជំរុញកំណើនជីវភាពប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់មានភាពប្រសើរឡើង។

ពាក់ព័ន្ធនឹងគោលនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាមិនព្រមធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅមុនឆ្នាំ២០២៣ ព្រោះដោយហេតុថា ប្រសិនបើកម្ពុជាយកលុយទៅកសាងពហុកីឡដ្ឋានមួយ (ស្តាត) កម្ពុជានឹងប្រើប្រាស់អស់ថវិកាប្រមាណ ៣០០ ឬ៤០០លានដុល្លារអាមេរិក ដើម្បីទទួលការប្រកួត ទទួលភ្ញៀវជាតិ-អន្តរជាតិ និងកីឡាករ-កីឡាការិនីប្រមាណជាង ៧,០០០នាក់ ផ្ទុយទៅវិញ បើយកថវិកា៣០០ ឬ៤០០លានដុល្លារនោះ ទៅកសាងស្ពានឆ្លងទន្លេមេគង្គ ស្ពានឆ្លងទន្លេសាប និងផ្លូវដទៃនោះ វានឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាបានច្រើនជាង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលទទួលបានការគាំទ្រគ្រប់អាណត្តិពីប្រជាពលរដ្ឋកម្ពុជនោះ បានថ្លែងបំភ្លឺថា ការភ្ញាក់ផ្អើលកាលពីពេលកន្លងទៅដែលថា សម្ដេចបានលុបចោលគម្រោងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរួចទៅហើយនោះ ជាការយល់ច្រឡំនោះទេ។

សម្ដេចបានអះអាងយ៉ាងដូច្នេះថា «យើងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣ ហើយខ្ញុំសង្ឃឹមថា ពេលនោះខ្ញុំនៅមានឱកាសដើម្បីដុតភ្លើង បើកប្រកាសកម្មវិធីប្រកួតស៊ីហ្គេមជាបន្តទៀត ព្រោះឆ្នាំ២០២៣ ខ្ញុំមិនទាន់អាយុច្រើនប៉ុន្មានទេ»

បន្ថែមលើសពីនេះ សម្ដេចតេជោបានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតនេះ បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងប្រកបដោយភាពងាយស្រួល ពិសេសងាយស្រួលក្នុងធ្វើដំណើរទេសចរណ៍ទៅកាន់តំបន់ជិតឆ្ងាយជាដើម៕