(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល បានអំពាវនាវដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់បុគ្គលិក កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាកំហិត ដើម្បីឲ្យកម្មករនិយោជិតរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃ ប.ស.ស បានឲ្យដឹងថា របបសន្តិសុខសង្គម មានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ការធានារ៉ាប់រងសុខភាព និងប្រាក់ចូលនិវត្តន៍ ដូច្នេះនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានការងារក្រៅប្រព័ន្ធ ក៏ត្រូវមកចុះបញ្ជីនៅ ប.ស.ស ដើម្បីឲ្យបុគ្គលិក និយោជិត កម្មកររបស់ខ្លួនទទួលបានមូលនិធិសមធម៌សុខាភិបាល ដោយមិនគិតលុយ។
លោកបន្តថា បុគ្គលិក និយោជិក និងកម្មករជាស្រ្តីពេលលំហែមាតុភាព នឹងទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន៖ សម្រាលកូន១នាក់ទទួលបាន ៤០ម៉ឺនរៀល កូនភ្លោះ២នាក់ទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ទទួលបាន ១លាន២០ម៉ឺនរៀល។
លោក ជាវ ប៊ុនរិទ្ធ បានបន្ថែមថា បុគ្គលិក និយោជិក កម្មករក្រៅប្រព័ន្ធដែលបានចុះបញ្ជីនៅ ប.ស.ស នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ បុគ្គលិក និយោជិក កម្មករ មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅពិនិត្យ នឹងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់លុយ។
អ្នកនាំពាក្យ ប.ស.ស រូបនេះ បានបញ្ជាក់ថា និយោជិត ម្ចាស់សហគ្រាស គ្រឹះស្ថានអាចទៅចុះបញ្ជីនៅ ប.ស.ស ទាំង២៤ខេត្ត និង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបុគ្គលិក និយោជិក និងកម្មករនេះ មិនតម្រូវឲ្យបង់ប្រាក់ឡើយ។
សូមជម្រាបថា ក្នុងករណីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានខកខានមិនបានចុះបញ្ជីបុគ្គលិក និយោជិក និងកម្មកររបស់ខ្លួន ដែលនាំឲ្យបាត់សិទ្ធិទទួលបានរបបសន្តិសុខសង្គម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕