(ក្រចេះ)៖ បងប្អូនប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅភូមិកែងប្រសាទ ឃុំសំបូរ បានផ្តិតមេដៃប្តឹងជំទាស់ទៅនិងចំណាត់ការរបស់ក្រសួងកសិកម្ម ដែលបានអនុញ្ញាតឲ្យម្ចាស់ទីតាំងសត្វឃាតមានទីតាំង នៅកណ្តាលភូមិមួយកន្លែងឈ្មោះ រស់ ប៉េងលីម អាចបន្តអាជីវកម្មពិឃាតសត្វបានដដដែល ខណៈដែលពួកគាត់បានលើកឡើងថា ទីតាំងពិឃាតសត្វនេះ កំពុងតែបង្កការប៉ះពាល់ដល់បរិស្ថាន ក្នុងសហគមន៍ ពិសេសរំខានការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរទៀតផង។
ការសម្រេចធ្វើពាក្យបណ្តឹងដោយមានស្នាមមេដៃ ជំទាស់ និងចំណាត់ការរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ពីពលរដ្ឋជាង៦០គ្រួសារ ដែលដាក់ប្តឹងចូល មកសាលាខេត្ត មន្ទីរកសិកម្មខេត្ត ក៏ដូចជាសាលាស្រុកសំបូរ ដែលបានធ្វើឡើងនៅកាលពីដើមខែវិចិ្ឆកានេះ គឺបានធ្វើឡើងក្នុងគោលបំណងស្នើឲ្យអាជ្ញាធរបញ្ឈប់ទីតាំងសត្វឃាតមួយកន្លែង យីហោ រស់ ប៉េងលីម ដែលមានទីតាំងនៅចំកណ្តាលភូមិ។ ប្រជាពលរដ្ឋបានលើកឡើងថា បើសិនអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចេញលិខិតអនុញ្ញាតនោះ សូមលោកអគ្គនាយក ផ្លាស់ទីមកនៅក្នុងភូមិនេះផង ទើបដឹងថា វាយ៉ាងម៉េច។
នេះក៏ជាបណ្តឹងលើកទី២ហើយរបស់ពួកគាត់ ដែលបានប្តឹងមកឲ្យអាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់លើ ទីតាំងពិឃាតសត្វមួយកន្លែងនេះថា បានបង្កឲ្យមានបរិស្ថានក្នុងសហគមន៍អួរអាប់ ដូចជា៖ មានក្លិនស្អុយ សម្លេងថ្លង់ធ្វើ ឲ្យរំខានដល់ការរស់នៅ ពិសេសប៉ះពាល់សុខភាពរបស់អ្នកភូមិដោយសារជម្ងឺ ឆ្លង ដល់អ្នកភូមិ ក៏ដូចជាជាកុមារ និងការបង្ហូរកាកសំណល់ ឬទឹកស្អុយកខ្វក់ចូលទៅក្នុងអូរនៅកណ្តាលភូមិជាដើម។
ពលរដ្ឋបានលើកឡើងថា ដោយសារទីតាំងសត្វឃាតមួយនេះ បានបង្កផលប៉ះពាល់យ៉ាងច្រើន ដល់សុខទុក្ខការរស់នៅរបស់ប្រជាពលរដ្ឋ រយៈពេលរាប់សិបឆ្នាំទៅហើយនោះ កាលពីឆ្នាំ២០១៦ ពួកគាត់បានប្តឹងមកអាជ្ញាធរឲ្យជួយអន្តរាគមន៍ ហើយអាជ្ញាធរបានអះអាងថា និងផ្អាកអាជីវកម្មនេះ។ តែនៅឆ្នាំ២០១៨នេះ ក្រសួងកសិកម្ម បានសម្រេចឲ្យម្ចាស់អាជីវកម្មពិឃាតសត្វឈ្មោះ រស់ ប៉េងលីម បានបន្តសុពលភាពអាជីវកម្មដដែល ទើបធ្វើឲ្យពួកគាត់ដែលរស់នៅក្នុងភូមិ និងក៏ជាអ្នកប្រឈមផងដែនោះ បានសម្រេចធ្វើពាក្យបណ្តឹងជាមួយ និងស្នាមមេដៃមកអាជ្ញាធរស្រុក ខេត្ត ដើម្បីជំទាស់ និងចំណាត់ការរបស់ក្រសួងកសិកម្ម។
មេភូមិកែងប្រសាទលោក អុង ឃួញ បានលើកឡើងឲ្យដឹងថា ពលរដ្ឋក្នុងភូមិរបស់លោកពិត ជាមានភាពប្រឈមខ្លាំងជាមួយ និងទីតាំងសត្វឃាតនេះ ដល់ការរស់នៅរបស់ពួកគាត់។ លោកមេ ភូមិបានឲ្យដឹងទៀតថា កន្លងមកពលរដ្ឋតែងតែប្តឹងតវ៉ាទៅអាជ្ញាធរលើទីតាំងសត្វឃាតនេះ ហើយអាជ្ញាធរបានហៅម្ចាស់សត្វឃាតទៅណែនាំ ឬឲ្យបម្លាស់ទីដោយមិនអនុញ្ញាតិឲ្យយធ្វើការពិឃាត នៅក្នុងផ្ទះកណ្តាលភូមិបែបនេះ តែម្ចាស់ទីតាំងសត្វឃាតនេះ មិនបានធ្វើតាមនោះទេ។
ស្រដៀងគ្នាគ្មាននេះ តំណាងប្រជាពលរដ្ឋរស់នៅភូមិកែងប្រសាទឃុំសំបូរ ទាំងចំនួនជិត១០០គ្រួសារ លោក ញឹក បញ្ញោ បានអំពាវនាវឲ្យអាជ្ញាធរស្រុក-ខេត្ត បញ្ឈប់អាជីវកម្មពិឃាត សត្វឈ្មោះ រស់ ប៉េងលីម នេះដោយសំអាងហេតុផលថា ទីតាំងពិឃាតសត្វមួយនេះ បានបង្កផលប៉ះពាល់ ធ្ងន់ធ្ងរ ដល់សុខទុក្ខការរស់នៅរបស់ពលរដ្ឋក្នុងភូមិជាខ្លាំង។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រធានមន្ទីរកសិកម្មខេត្តលោក គុយ ហួត បានឲ្យដឹងថា មន្ទីរបានចាត់ឲ្យមន្រ្តីជំនាញចុះទៅពិនិត្យមើលដល់ទីតាំងសត្វឃាតនេះ ក្រោយពីទទួលបានពាក្យបណ្តឹ ងពីពលរដ្ឋ។ លោកថា «កន្លងមកមន្ទីរបានចេញសម្រេចផ្អាកទីតាំងសត្វឃាតនេះ បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ម្ចាស់ទីតាំងសត្វឃាតនេះ មិនអនុវត្តតាមសៀវភៅបន្ទុក ក៏ដូចជា មិនអនុវត្ត តាមការណែនាំពីមន្រ្តីជំនាញខេត្ត និងស្រុក»។
បើតាមលោកប្រធានមន្ទីរកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានអនុញ្ញាតឲ្យម្ចាស់ទីតាំង សត្វឃាតនេះបន្តសុំការធ្វើអាជីវកម្មបន្តនៅឆ្នាំ២០១៨ ទើបធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ាពីពលរដ្ឋបែបនេះ។ ដោយឡែកនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្មបាននៅឡើយទេ៕