(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក រ៉ូឌ្រីហ្គោល ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ថ្នាក់ដឹកនាំដែលរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន រួមមាន លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស, លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេរភាគីជាមួយ នាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀត៕