(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនជនជាតិចិនម្នាក់ ដែលគ្មានប័ណ្ណបើកបរ ក្រោយបើករថយន្ដបុកគ្នា ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា បានឲ្យដឹងទៀតថា ជនជាតិចិន ដែលគ្មានប័ណ្ណបើកបរខាងលើនេះ ឈ្មោះ HAO LAIPING អាយុ៤២ឆ្នាំ បានបើករថយន្ដបង្ក គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់នេះ ពុំមានច្បាប់អនុញ្ញាត ឲ្យបើកបរឡើយ ពីព្រោះគាត់គ្មានប័ណ្ណបើកបរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៣៖៤៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តហាយឡែនឌឺរ ២គ្រឿងបុកគ្នា មានអ្នករងរបួសម្នាក់ជនជាតិវៀតណាម រីឯជនជាតិចិន មិនត្រូវរបួសឡើយ៕