(ស្វាយរៀង)៖ ចៅសង្កាត់រងទី២ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត លោក សេក ណាល់ និងសមាជិកក្រុមប្រឹក្សាឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង លោក សេង ពិសិដ្ឋ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញយ៉ាងច្បាស់ថា លោក កឹម សុខា និងថ្នាក់ដឹកនាំបក្សមួយចំនួនទៀត បានឃុបឃិតជាមួយបរទេស មកចង់បំផ្លាញជាតិរបស់ខ្លួន។
បើតាមលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំជើងក្រោមដ៏សំខាន់ ទាំង២នាក់ របស់គណបក្សសង្គ្រោះជាតិ បានលើកហេតុផលដូចៗគ្នាថា «លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសុខចិត្ត ឱនក្បាលបម្រើបរទេស ដើម្បីអំណាចមិនគិតពីភាពអន្ដរាយរបស់ជាតិ មាតុភូមិ ដែលនេះជាអំពើក្បត់ជាតិ ធ្វើឲ្យយើងខ្ញុំអស់ជំនឿ និងមិនអាចចូលរួមក្នុងនយោបាយរបស់គណបក្សតទៅទៀតឡើយ»។ ពួកគេបានអះអាងទៀតថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ»។
សូមជម្រាបថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅបានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាប្រសាសន៍ទាំងស្រុងរបស់សម្ដេច ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ)