(ភ្នំពេញ)​៖ លោកទេសរដ្ឋមន្ត្រី​ ចម ​ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ បាន បានថ្លែងឲ្យដឹងថា ដើម្បីបង្ការ និងគ្រប់គ្រងហានិភ័យ ​អាចបង្កឡើង​ដោយទំនិញគ្រោះថ្នាក់កម្ពុជាចាំបាច់ត្រូវ មានច្បាប់ គ្រប់គ្រងទំនិញគ្រោះថ្នាក់មួយ ដែលមានភាពគ្រប់​ជ្រុង​ជ្រោយ!។ ការថ្លែងបែបនេះ គឺក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះ​ថ្នាក់ នៅទីស្តីការ​ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧​។

ថ្លែងបើកអង្គប្រជុំ​ លោកទេស​រដ្ឋមន្ត្រី ចម​ ប្រសិទ្ធ ​បានបញ្ជាក់ថា​ ការគ្រប់គ្រងទំនិញគ្រោះថ្នាក់របស់កម្ពុជាយើង នាពេលបច្ចុប្បន្ននៅ​មានកំរិត មិនទាន់ធានា បាននូវកិច្ចការពារសុវត្ថិភាព​ឲ្យបានខ្ពស់នៅឡើយ។ ជាក់ស្តែងនៅតាមប្រទេស​ ក្នុងតំបន់មួយចំនួន​ រួមទាំងកម្ពុជាផង​ ធ្លាប់បានប្រឈម និងរងគ្រោះ ទាក់ទង នឹងទំនិញគ្រោះថ្នាក់នេះផងដែរ ដូចជា៖
-ករណីផ្ទុះឆេះឃ្លាំងស្តុក​សារធាតុគីមី នៅទីក្រុងធានជីន នៃប្រទេសចិន
-ករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅរោងចក្រគ្រប់គ្រងកាកសំណល់គីមី នៅក្នុងប្រទេសសឹង្ហបុរី
-គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកប្រេងឥន្ធនៈ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ
-គ្រោះថ្នាក់រថយន្តដឹកផាវ​ ផ្ទុះឆេះស្លាប់មនុស្សពីរនាក់ នៅខេត្តបន្ទាយមានជ័យ
-រួមទាំងគ្រោះ មហន្តរាយនៅទីតាំដទៃទៀត លើពិភពលោក ដែលពាក់ព័ន្ធដល់ការផលិត ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការស្តុកទុក ការប្រើប្រាស់ទំនិញគ្រោះថ្នាក់ និងសារធាតុគ្រោះថ្នាក់ជាដើម។

​លោកទេសរដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ ការធ្វើសេចក្តីព្រាងច្បាប់នះ មិនមានបំណង ទាញយកដែនសមត្ថកិច្ចក្រសួង-ស្ថាប័នដទៃមកគ្រប់គ្រងទេ។ ​ប៉ុន្តែ​សេចក្តីព្រាងច្បាប់នះ បានដើរតួជាអ្នកសម្របសម្រួល​ មានក្បាលម៉ាស៊ីនគ្រប់គ្រងច្បាស់លាស់ ធ្វើយ៉ាងណាកុំឲ្យមានឧប្បតវហេតុកើតឡើង ហើយគ្មានស្ថាប័នណាមួយចេញ​ មុខទទួលខុសត្រូវ ឬរុញការទទួលខុសត្រូវដាក់គ្នា។ ម៉្យាងច្បាប់នេះ ក្រៅពីដើតួរជាអ្នកសម្របសម្រួលហើយ នៅមានយន្តការបន្ថែមដ៏ទៃទៀត​ដូចជា៖
-ការប្រមូលទិន្នន័យ
-ការផ្តល់ព័ត៌មានអោយគ្នាទៅវិញ ទៅមក និង
-យន្តការសហការគ្រប់គ្រង​ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធី បច្ចេកទេសនានា ដើម្បីដោះស្រាយពេលមាន គ្រោះមហន្តរាយកើតឡើង។
នេះជាការគិតគូ​ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ដែលសម្តេច បានចុះហត្ថលេខា រួចហើយ លើសេចក្តីសម្រេច បង្កើតគណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យគ្រោះថ្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។

​លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជំហរចុងក្រាយថា​ ដើម្បីឲ្យច្បាប់នេះ  ដែលមាន​០៨​ជំពូក និង៩២ មាត្រា អនុវត្តទៅមានភាពរលូន និងប្រសិទ្ធិភាពខ្ពស់នោះ ការពិនិត្យកែសម្រួលលើសេចក្តីព្រាងច្បាប់ នាថ្ងៃនេះ លុះត្រាតែតំណាងអន្តរក្រសួងទាំងអស់ មានការឯកភាពជាធ្លុងមួយ។ ដូច្នេះ​លោកទេសរដ្ឋមន្ត្រី បានស្នើដល់សមាជិកអង្គប្រជុំទាំងអស់ យកសេចក្តីព្រាងច្បាប់នេះ​ពិនិត្យឡើងវិញ និងបញ្ជាក់ជំហរចុងក្រោយ ពីប្រធានស្ថាប័ននីមួយៗ​ តើគួរកែសម្រួលចំណុចកន្លែងណា និងតើ​គាំទ្រឲ្យបង្កើតច្បាប់នេះដែរឬទេ? ក្នុងរយៈពេលពីរសប្តាហ៍ក្រោយ ដើម្បីយើងអាចធ្វើសំយោគមតិ ជាចុងក្រោយ។

​សូមបញ្ជាក់ថា​ ក្នុងមាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា​ ច្បាប់នេះមានគោលដៅកំណត់អំពីយន្តការ និងវិធានការសម្រាប់ការគ្រប់គ្រងនិងត្រួតពិនិត្យ ទំនិញគ្រោះថ្នាក់​ ដែលអាចបង្កមហន្តរាយដល់មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ​សង្គម និង ឬសកម្មភាពពាក់ព័ន្ធទាំងឡាយ ​ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ក្នុងមាត្រា៨៨ បានកំណត់ថា​ ក្នុងករណីដែលច្បាប់ផ្សេងទៀត មានបទប្បញ្ញត្តិនិងការគ្រប់គ្រង ទំនិញគ្រោះ​ថ្នាក់រួចហើយ បទប្បញ្ញត្តិទាំងនោះ ត្រូវនៅជាធរមាន ​លើកលែងតែបទប្បញ្ញត្តិទាំងឡាយណា ដែលមិនមានចែងនៅក្នុងច្បាប់នោះ ត្រូវយកមកអនុវត្តបំពេញបន្ថែម៕