(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់សារជាថ្មីថា ប្រឆាំងដាច់ខាតចំពោះក្រុមជនឱកាសនិយម ទាំងឡាយណា ដែលនាំប្រទេសជាតិឲ្យធ្លាក់ក្នុងមហន្ដរាយ បំផ្លាញសន្ដិភាព និងធ្វើឲ្យប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ដរបស់ប្រជាជន។
ការបញ្ជាក់យ៉ាងដូច្នោះបានធ្វើឡើងក្នុងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៤ឆ្នាំ នៃថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានទព័ជើងគោក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហានជាមេបញ្ជាការ មេបញ្ជាការរង ពីគ្រប់ស្ថាប័ន កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ និងសិក្ខាកាមវិទ្យាស្ថានកងទ័ពជើងគោក ព្រមទាំងមន្រ្តីរាជការ អាជ្ញាធរដែនដីជាច្រើនរូប ពីខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់យ៉ាងដូច្នោះថា «ដើម្បីឆ្លើយតបទៅនឹងបាតុភាព អសកម្ម ដែលកើតមានឡើងនៅក្នុងសង្គមជាតិ ដ៏ដូចជាការប៉ុនប៉ងនាំមកនូវ បដិវត្ដន៍ពណ៌នៅកម្ពុជាចំពោះមុខ...ត្រូវប្រកាសជំហរប្រឆាំងដាច់ខាត ចំពោះក្រុមជនឱកាសនិយមទាំងឡាយណា ដែលនាំប្រទេសជាតិឲ្យធ្លាក់ក្នុងមហន្ដរាយ បំផ្លាញសន្ដិភាព ធ្វើឲ្យប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ដរបស់ប្រជាជន»។
សម្តេចពិជ័យសេនា បានថ្លែងបន្ដថា ទង្វើនាំឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដល់រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត គឺប្រឆាំងដាច់ខាត រាល់ទង្វើរអគតិទាំងឡាយណា ដែលជាការប្រមាថ និងបំភាន់មតិសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងស្មារតី ឆន្ទៈប្រតិបត្តិការតាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំរើដល់បុព្វហេតុ ការពារជាតិមាតុភូមិ និងប្រជាជន។
ប្រមុខការពារជាតិកម្ពុជា រូបនេះ បានទទូចឲ្យលើកកំពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកល «បដិវត្តន៍ពណ៌» ត្រូវចាត់ទុកថា អង្គការចាត់តាំងខ្មែរប្រហមព្រៃផ្សៃយ៉ាងណា គឺអង្គការចាត់តាំង បដិវត្ដន៍ពណ៌ ក៏គ្រោះថ្នាក់ចំពោះជាតិដូច្នោះដែរ។
លោកថា «ដូចនេះ យើងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវត្រៀមគ្រប់កាលៈទេសៈ ដើម្បីប្រឆាំងជាមួយ បដិវត្ដន៍ពណ៌ មិនអនុញ្ញាតឲ្យមកបង្កគ្រោះថ្នាក់ បំផ្លាញប្រទេសជាតិ និងប្រជាជនកម្ពុជាជាថ្មីម្ដងទៀត ដោយគ្មានអ្នកណាទទួលខុសត្រូវដូចពីអតីតកាល ដូចដែលយើងធ្លាប់បានឆ្លងកាត់ចាប់ពីក្រោយសម័យសង្គ្រាម ឆ្នាំ១៩៧០ និងដូចនៅក្នុងរបបខ្មែរក្រហមដ៏ខ្មៅងងឹតនោះឡើយ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ផងដែរថា «ព្រោះសន្ដិភាព និងការអភិវឌ្ឍន៍ គឺពិតជាធំធេងជាងអ្វីៗទាំងអស់ ហើយក៏សំខាន់ជាងអ្វីៗទាំងអស់ នេះជាគោលបំណងដ៏ពិសិដ្ឋ របស់យើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបានឯករាជ្យភាពពេញបរិបូរណ៌នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជ បូជនីយកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការនិងកងកម្លាំង បារាំង បានចាកចេញពីទឹកដីនៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើត អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក។
កងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្ត ព្រមទាំងការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពារសុខសន្តិភាពរបស់ជាតិផងដែរ៕