(ភ្នំពេញ)៖ រដ្ឋាភិបាលឆែក បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ការរីកចម្រើនរបស់កម្ពុជា និងចង់ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ចជាមួយកម្ពុជាឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ហើយបានផ្តល់អាទិភាពខ្ពស់សម្រាប់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះ។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក Tomas Kuchta អនុរដ្ឋមន្រ្ដីការពារប្រទេសឆែក បានថ្លែងថា កម្ពុជា គឺជា ប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាពតិចតួចបំផុត ដែលរដ្ឋាភិបាលឆែកចង់ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងធុរកិច្ចសម្រាប់ឆ្នាំ២០១៨ ដល់២០២០ខាងមុខ។ នេះបើតាមការគូសបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងប្រាក់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួប។

ក្នុងជំនួបនេះអនុរដ្ឋការពារប្រទេសរបស់ឆែក លោក Tomas Kuchta បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលឆែកមានបំណងចង់ជំរុញ ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងឆែកឲ្យបានកាន់តែខ្លាំង។ ជាពិសេសក្នុងដំណើររបស់លោកមកកាន់កម្ពុជានាពេលនេះ លោកបាននាំមកនូវថ្នាក់ដឹកនាំ ក្រុមហ៊ុនធំៗរបស់ឆែកចំនួន៨ ដើម្បីពិនិត្យលទ្ធភាពបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងធុរកិច្ច។

បើតាមលោក Tomas Kuchta រដ្ឋាភិបាលឆែកគ្រោងបញ្ជូនប្រតិភូផ្នែកពាណិជ្ជកម្មមកកាន់កម្ពុជានៅឆ្នាំ២០១៨ផងដែរ ក្នុងគោលដៅជំរុញទំនាក់ទំនង ធុរកិច្ចរវាងប្រទេសទាំងពីរ។

អនុរដ្ឋមន្រ្តីការពារប្រទេសឆែក និងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងជំនួបនាព្រឹកមិញនេះ សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះការរីកធំធាត់ យ៉ាងលឿននៃទំហំពាណិជ្ជកម្មប្រទេសទាំងពីរ។ យោងតាមភាគីឆែកបានឲ្យដឹងថា នៅឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេស មានទំហំទឹកប្រាក់រហូតដល់ ១៧០លានដុល្លារអាមេរិក ខណៈដែលឆ្នាំ២០១៤ មានត្រឹមតែ ២៨លានដុល្លារប៉ុណ្ណោះ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណរដ្ឋាភិបាលឆែក ដែលចាត់ទុកកម្ពុជាជាប្រទេសអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជាត្រៀមខ្លួនសម្របសម្រួល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខាងលើនេះ។

ក្នុងជំនួបនាព្រឹកមិញនេះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងអនុរដ្ឋមន្រ្តីការពារប្រទេសរបស់ឆែក សុទ្ធតែបានរីករាយ និងរំលឹកពីទំនាក់ទំនងដ៏ល្អ ប្រសើររវាងប្រទេសទាំងពីរ ហើយក៏នឹងពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសផ្នែកសុខភាព អប់រំ កសិកម្ម និងការផ្លាស់ប្តូរពាណិជ្ជកម្ម។

អនុរដ្ឋមន្រ្តីការពារប្រទេសឆែក ក៏បានគូសបញ្ជាក់ពីការជឿនលឿនបច្ចេកវិទ្យាលើការការពារប្រទេស និងបង្ហាញការចង់បង្កើនកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាការពារប្រទេសជាមួយកម្ពុជាផងដែរ។ អនុរដ្ឋមន្រ្តីការពារប្រទេសឆែក ក៏បានបង្ហាញបំណងកិច្ចសហប្រតិបត្តិការនាពេលអនាគត លើការគ្រប់គ្រងទឹកស្អុយ និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

សំណើនេះត្រូវបានស្វាគមន៍ដោយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ហើយថាលើកយកជូនរាជរដ្ឋាភិបាលធ្វើការពិចារណា៕