(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញជំនឿដោយសំអាងទៅលើទិដ្ឋភាពច្បាប់ ជាពិសេសការមិនដាក់មេធាវីការពារក្តីនោះ សម្ដេចមានភាពប្រាកដនិយមថា តុលាការនឹងរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ (សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)

ពាក់ព័ន្ធ​រឿងរំលាយគណបក្សសង្រ្គោះជាតិ សម្តេចតេជោ ហ៊ុន សែន ហ៊ានភ្នាល់ថា ១០០ស៊ីតែមួយប៉ុណ្ណោះ ដែលនេះមានន័យថា បើមិនរំលាយទេ ចាក់​១០០ ស៊ីតែមួយទេ។​

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឱកាស​បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយចាំភ្នាល់មើល អ្នកដែលគេភ្នាល់ចង់ភ្នាល់ទៅ មួយចាក់១០០ទៅល្អ គឺអារំលាយ ឬមិនរំលាយ មួយចាក់១០០ទៅ តាមហាងគុយទាវនាំគ្នាចាក់ទៅ បើកមួយសេរីឲ្យចាក់ បើករំលាយ​ស៊ីតែមួយទេ បើអត់រំលាយសង១០០ អ្នកណាចាញ់មកទារពីខ្ញុំ [...] គេសិក្សាអំពីផ្លូវច្បាប់ ច្បាស់ណាស់ ម្យ៉ាងទៀតខ្លួនអត់ដាក់មេធាវីទៅទៀត ដល់អត់ដាក់មេធាវីហ្នឹងលឿនតែម្ដង ថ្ងៃទី១៦ហ្នឹងចាំមើលមើល»

យ៉ាងណាមិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកថា ​មិនខ្វល់ថាអ្នកណាមានរឿងអ្វីដែលត្រូវអនុវត្តច្បាប់តាមប្រទេសនេះ មិនថាអ្នកនោះនៅក្នុង​បក្សកាន់អំណាច ឬក៏មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធឲ្យតែធ្វើខុស គឺគេត្រូវទទួលទោស​ប៉ុន្ដែសម្រាប់ប្រជាជនទូទៅ ដែលមិនបានប្រព្រឹត្តទោសកំហុសណាមួយ គេមិនត្រូវទទួលផលកម្មនោះទេ។

មានប្រសាសន៍ដល់ចំណុចនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល នៅតែបន្ដអំពាវនាវឲ្យដែល​ផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

សូមជម្រាបថា​ ក្រោយការអំពាវនាវ និងផ្ដល់ឱកាសជាបន្ដបន្ទាប់របស់សម្ដេចតេជោ ហ៊ុន សែន ហើយនោះ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៨១នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយរាប់ទាំងថ្ងៃនេះមានសមាជិកក្រុមប្រឹក្សាឃុំ ជំទប់ មកពីគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ថ្មីទៀត ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៨១នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេស ថែមទៀតផង។

ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នោះ​ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំ មូលដ្ឋានសំខាន់ៗ បានអះអាងដូចៗគ្នាថា បានមើលឃើញលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុង ជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈច្បាស់លាស់ មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់ បំបែកបំបាក់ជាតិទៀតផង៕