(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាផ្លូវការជាមួយ អង្គការករុណាបាត់ដំបង លើគម្រោងពង្រឹងសមត្ថភាពកុមារពិការ លើការអប់រំ និងជួយជីវភាព គ្រួសារកុមារ ពិការសតិបញ្ញាឲ្យប្រសើរជាងមុន។ គម្រោងនេះ គ្រោងចំណាយថវិកា ១,៤៣៧,៨៥៥ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់កុមាររងគ្រោះ ក្នុងតំបន់គោលដៅ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាខាងលើ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងឲ្យ លោក វង សូត រដ្ឋមន្រ្តីក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការសហការ របស់ក្រសួងរួមជាមួយ អង្គការករុណាបាត់ដំបង នឹងធ្វើឲ្យ គម្រោងនេះ កាន់តែដំណើរការ រលូនទៅមុន។
លោក ហាច ហ៊ាន បានស្នើឲ្យក្រុមការងារក្រសួង និងដៃគូសហការ ឲ្យការងារជួយសង្គមមួយនេះ កុំយករឿងនយោបាយ មកពាក់ព័ន្ធជាមួយ ពីព្រោះគ្មានផលចំណេញអ្វីឡើយ រឿងនយោបាយគឺទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយ។ អង្គការគឺបានរួមចំណែក និងជាអង្គការ ដែលមានប្រវត្តិល្អ ក្នុងការចូលរួមជួយសង្គមខ្មែរ និងប្រជាពលរដ្ឋក្រីក្រ នៅកម្ពុជា។ លោក ហាច ហ៊ាន ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់អង្គការ ដែលបានសហការជាមួយក្រសួង នាពេលនេះ។
ជាមួយគ្នានោះ លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច បានលើកឡើងថា អង្គការនេះជាអង្គការជួយសង្រ្គោះកុមាររងគ្រោះ និងមានសតិបញ្ញាមិនល្អ។ លោក តូច ចាន់នី ក៏បានស្នើឲ្យអង្គការករុណាបាត់ដំបង ធ្វើសកម្មភាព និងអនុវត្ត គោរពទៅតាមការចុះកិច្ចព្រមព្រៀងគ្នា ជៀសវាងការធ្វើសកម្មភាពនយោបាយ និងគោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍មនុស្សធម៌។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានបញ្ជាក់ថា គោលដៅនៃគម្រោង ពង្រឹងសមត្ថភាព កុមារពិការរួមមាន៖
១៖ សម្របសម្រួលការដាក់បញ្ចូលជនពិការ យ៉ាងពេញលេញ នៅក្នុងសង្គមដែលផ្តល់ការគោរព និងគាំទ្រសហគមន៍ ព្រមទាំងលើកកម្ពស់ជនពិការ ឲ្យមានភាពម្ចាស់ការ និងឯករាជ្យលើខ្លួនឯង។
២៖ ឧបត្ថម្ភគាំទ្រគ្រួសារជនពិការសតិអារម្មណ៍នៅក្នុងសហគមន៍តាមរយៈ ជួយឲ្យស្ថានភាពគ្រួសារ មានភាពប្រសើរឡើងដូចជា សម្រួលបង្កើនប្រាក់ចំណូល សុខភាព និងអនាម័យ សាងសង់ផ្ទះ បង្គន់ និងធុនចម្រោះទឹកស្អាត ផ្តល់ជំនាញកសិកម្ម និងបំណិនជីវិត។
៣៖ លើកកម្ពស់សិទ្ធិជនពិការសតិបញ្ញា ជាពិសេសកុមារពិការសតិបញ្ញា អាចមានលទ្ធភាពទទួលបានការអប់រំ ការធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារការងារ ព្រមទាំងលក្ខខណ្ឌ រស់នៅរបស់ពួកគេ។
៤៖ កាត់បន្ថយអាត្រារីករាលដាលនៃពិការភាព ដោយធ្វើឲ្យប្រសើរឡើងនូវការកំណត់សញ្ញាណដំបូង និងទប់ស្កាត់ពិការភាព ខាងរាង្គកាយ និងសតិបញ្ញា ដែលអាចបង្ការទប់ស្កាត់បានយ៉ាងពិតប្រាកដ និងប្រកបដោយសក្តានុពល។
៥៖ សហការយ៉ាងជិតស្និទជាមួយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថាប័នពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្នាន តាមរយៈការយកចិត្តទុកដាក់ និងការដាក់បញ្ចូលបញ្ហាជនពិការ ទៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់។
លោក យៀប ម៉ាលីណូ បានបន្ថែមថា មូលហេតុនៃការបង្កើតគម្រោងកម្មវិធីនេះ គឺដោយសារតែមើលឃើញថា គ្រួសារមួយចំនួនមានផលវិបាក ក្នុងការថែទាំ កូនពិការសតិបញ្ញា និងខ្វះការយល់ដឹងពីការព្យាបាល និងថែទាំជនពិការសតិបញ្ញា ខ្វះថវិកាសម្រាប់ទិញថ្នាំ ហើយប្រឈមមុខ និងការរើសអើង គ្រប់មជ្ឈដ្ឋាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម គម្រោងក៏បានផ្តល់ការអប់រំពិសេសសម្រាប់ជនពិការសតិបញ្ញា នៅមណ្ឌលស្តារលទ្ធភាព ពលកម្មសហគមន៍ទាំង៦ ក្នុងនោះរួមមាន ខេត្តបាត់ដំបងចំនួន១ ខេត្តកំពង់ឆ្នាំងចំនួន៤ និងខេត្តកណ្តាលចំនួន១ និងមានការថែទាំជនពិការសតិបញ្ញា តាមផ្ទះផងដែរ៕