(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់ទីតាំង និងចំណុចនិយាមកា ជូនប្រជាពលរដ្ឋដែលរស់នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលមានការពាក់ព័ន្ធ សរុបលើផ្ទៃដីប្រមាណ៤១,៥៣ ហិកតា ស្ថិតក្នុងដីទីតាំងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលពីមុនទីតាំងដីនោះ ស្ថិតក្នុងភូមិអណ្តូងខ្មែរ ឃុំអណ្តូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត។
តាមរយៈការចេញអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានដីអាស្រ័យផល និងរស់នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោក បានត្រេកអរយ៉ាងខ្លាំង ពីព្រោះចាប់ពីពេលនេះតទៅ ពួកគាត់លែងព្រួយបារម្ភតទៅទៀតឡើយ សម្រាប់កម្មសិទ្ធីដីធ្លីនៅតំបន់នោះ។ ប្រជាពលរដ្ឋទាំងនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់ និងបានប្រកាសគាំទ្រសម្តេចអស់មួយជីវិតទៀតផង។
យោងតាមលិខិតថ្លែងអំណរគុណ របស់ប្រជាពលរដ្ឋរស់នៅភូមិទទឹងថ្ងៃ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «យើងខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយយើងខ្ញុំទាំងអស់គ្នាមាន សេចក្តីរំភើបសប្បាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងចងចាំអស់មួយជីវិត ដែលសម្តេចបានចេញអនុក្រឹត្យ លេខ១៦៧ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពី ការកំណត់តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ លើផ្ទៃដីទំហំ ៤១,៥៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត និងទំហំ ៧,០៧ ហិកតា ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត»។
ក្នុងលិខិត បានបញ្ជាក់ទៀតថា ដោយឡែក សម្រេចតាមមាត្រា១ នៃអនុក្រិត្យខាងលើ ត្រូវកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» លើផ្ទៃដីទំហំ ៤១,៥៣ ហិកតា (សែសិបមួយហិកតា និងហាសិបបីអា) សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានស្ថិតក្នុងភូមិសាស្ត្រ ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលមាន ផែនទីកំណត់ ទីតាំងជាឧបសម្ព័ន្ធ នៃអនុក្រឹត្យខាងលើនេះ និងចំណុចនិយាមកា។ ដែលបានផ្តល់យុត្តិធម៌ពិតប្រាកដល់យើងខ្ញុំទាំងអស់គ្នា។
ក្នុងលិខិតដដែល បានឲ្យដឹងទៀតថា «ពួកយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា សម្តេចតេជោ និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យលើគ្រប់ភារកិច្ច។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់យើងខ្ញុំទាំងអស់គ្នា»។
ទន្ទឹមគ្នានេះប្រជាពលរដ្ឋក៏មិនបានភ្លេចអរគុណចំពោះរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តកំពត លោក ចាន់ ចេស្តា ដែលបានខិតខំដោះស្រាយបញ្ហានេះ រហូតបានចេញអនុក្រឹត្យ។
ខាងក្រោមជាលិខិតថ្លែងអំណរគុណ របស់ប្រជាពលរដ្ឋរស់នៅភូមិទទឹងថ្ងៃ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖