(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ រាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងសាខាកាំកុងត្រូលចុះចែកស្លាកសញ្ញាដល់សិស្សានុសិស្ស សាលាបឋមសិក្សាអនុវិទ្យាល័យប៉ាក់ខ្លង និងធ្វើការពន្យល់ពីការហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត មិនត្រូវទិញយកទៅបរិភោគឡើយ។
ការបើកយុទ្ធនាការ ចុះត្រួតពិនិត្យបន្លែផ្លែឈើ ដើម្បីស្វែងរកសារធាតុគីមី និងធ្វើការពន្យល់ណែនាំ ដល់សិស្សានុសិស្សនេះ ក្រោមការដឹកនាំដោយលោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ រួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរ និងសមត្ថកិច្ចផងដែរ។
ការចុះត្រួតពិនិត្យ ទៅលើបន្លែផ្លែឈើត្រីសាច់ ដែលអាជីវករដាក់តាំងលក់ និងចុះណែនាំដល់សិស្ស លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ការចុះប្រតិបត្តិការ នេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលចែកចេញ ជា២ទិដ្ឋភាពរួមមាន៖
ទិដ្ឋភាពទី១៖ គឺការត្រួតពិនិត្យជាលក្ខណៈ រូបវ័ន្តបានន័យថា យើងត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេតកំប៉ុងកំពិតប៉ោងរលួយ។ល។
ទិដ្ឋភាពទី២៖ គឺត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា ប៉ូរ៉ាក់និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូន ទៅវិភាគបន្តនៅមន្ទីរពិសោធន៏ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ជាលទ្ធផលសាខាកាំកុងត្រូល បានចុះត្រួតទំនិញបន្លែផ្លែឈើ នៅតាមទីផ្សារប៉ាក់ខ្លង និងសាលាដែលអាជីវករ នាំចូលមកធ្វើការចែកចាយ នៅតាមទីផ្សារ និងដាក់តាំងលក់នោះ សាខាកាំកុងត្រូលយើងពុំបានរកឃើញនូវផលិតផលណាមួយ ដែលត្រូវបានគេលួចបន្លំ ដាក់ប្រើប្រាស់សារធាតុគីមីនោះឡើយ។
លោកបន្ដថា អាស្រ័យដោយយើង បានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានការយល់ដឹង ពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ។
លោក ហ៊ុយ ភារម្យ បានអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់សិស្សានុសិស្សថ្ងៃនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើពន្យល់ពីលក្ខណៈពិសេសមុន និងប្អូនទិញយកទៅបរិភោគ៕