(ភ្នំពេញ)៖ តួអង្គនាងនាថ ក្នុងភាពយន្តខ្នាតធំមានចំណងជើងថា «ម៉ាដាមអាប២០១៨» ស្រីស្អាត ស៊ីស៊ី បានបង្ហាញប្រាប់ពីជោគជ័យរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ក្នុងរយៈពេលដ៏ខ្លី ដែលនាងបានប្រឡូកក្នុងការងារសិល្បៈ ពោលគឺប្រៀបបីដូចជាទទួលបាន នូវលាភសំណាងមួយក្នុងជីវិត ជាអ្នកសម្ដែង។
តារាសម្ដែងសាច់សខ្ចី ស៊ីស៊ី បានប្រាប់ឲ្យដឹងថា តាំងពីបានក្លាយខ្លួនជាតារាសម្ដែង នេះជាលើកទី១ ដែលនាងមានឱកាស បានសម្ដែងជាតួអង្គនាងនាថ ដែលតារាភាគច្រើនប្រាថ្នាចង់សម្ដែង។ ខ្លួនគឺជាតួអង្គខ្មោចស្រីនាថនាថ តែមិនមែនជាខ្មោចកាចសាហាវ គួរឲ្យខ្លាចនោះទេ គឺជាខ្មោចស្រីស្អាត ហើយមានបង្កប់នូវភាពកំប្លុកកំប្លែង គ្រប់ពេលបង្ហាញខ្លួនផងដែរ។ យ៉ាងណាមិញការសម្ដែងទាំងមូល គឺត្រូវប្រឈមនឹងការលំបាកច្រើនណាស់ ជាពិសេសគឺប្លង់ពេលយប់ និងប្លង់ដែលត្រូវត្រាប់តាម នាងនាថឲ្យត្រូវសាច់រឿង។
ទោះបីជាយ៉ាងណា ស៊ីស៊ី បង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងថា ការទទួលថតជាតួនាងនាថ ក្នុងរឿង «ម៉ាដាមអាប២០១៨» នឹងក្លាយជាស្នាដៃ ដែលបើកទំព័រសិល្បៈសម្ដែងរបស់នាងឲ្យទទួលបាននូវភាពលេចធ្លោ បន្ទាប់ពីការសម្ដែងក្នុងរឿងផ្សេងៗ មួយចំនួន ក៏ជួយឲ្យនាងត្រូវបានគេស្គាល់ និងកត់សម្គាល់ ពីស្នាដៃខ្លះៗរួចហើយ។ តំណែងនាងនាថ គឺជាកុងត្រាថ្មីមួយ ដែលទើបទទួលបានក្រោយផ្អាក ការសម្ដែងមួយរយៈ ហើយនាងក៏កំពុងសម្រុកចេញ សម្ដែងមួយរឿងនេះឲ្យឆាប់ចប់ ដើម្បីទទួលសម្ដែងក្នុងរឿងមួយចំនួន ដែលបានទាក់ទងឲ្យនាងចេញសម្ដែង នោះផងដែរ។ នាងសប្បាយចិត្ត ដែលត្រូវបានផលិតករ គឺលោក ហួរ សុផល ជ្រើសឲ្យសម្ដែងជាតួអង្គនាងនាថ ក្នុងពេលដែលរឿង «ម៉ាដាមអាប២០១៨» គឺជារឿងដែលប្រជុំដោយតារាល្បីៗ រួមមាន រ៉ូលីន គឺជាតួអង្គអាប អ្នកនាងកាតុ គឺជាតួអង្គខ្មោចដើមចេកជ្វា, រំដួលលិចទឹក គឺជាតួអង្គព្រះម៉ែនាគ និងរូបនាងផ្ទាល់ គឺជាតួអង្គនាងនាថ ដែលសុទ្ធតែជាអង្គធំ នៅក្នុងផ្ទៃរឿង។
ស៊ីស៊ី បានសង្កត់ធ្ងន់ ថាការទទួលសម្ដែងរឿងនេះ បានរុញឲ្យនាងបោះបង់ការងារសម្ដែង ដែលជាន់ជើងគ្នា និងការងារថតម៉ូដមិនតិចនោះទេ ប៉ុន្តែមកពីនាងចង់សម្ដែង ជាតួអង្គនាងនាថ ដែលតារាភាគច្រើន រមែងទទួលបានការចាប់អារម្មណ៍ ក្រោយការសម្ដែង ទើបនឹងសុខចិត្តទម្លាក់នូវការងារផ្សេង ហើយទទួលសម្ដែងតែម្ដង ដ្បិតថា ការសម្ដែងជាតួអង្គនេះ តម្រូវឲ្យនាងត្រូវទៅថតដេកផ្លូវ នៅខេត្តកំពត៕