(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិច (APEC) និងអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ត្រាន ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះរួមមាន៖ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា «ប្រទេសកម្ពុជាក្នុងនាមប្រទេស មិនមែនជាសមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក បានគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបង្កើតវេទិការសម្រាប់កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីប៉ាស៊ីហ្វិក ជាមួយការយល់ឃើញស្ថាបត្យកម្មតំបន់ ដ៏សំខាន់ទាំង២គួរតែបំពេញបន្ថែមគ្នា ទៅវិញទៅមកក្នុងការកំណត់អនាគតក្នុងតំបន់»។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ត្រាន ដាយក្វាង ប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម និងអញ្ជើញចូលរួមពិសារអាហារពេលព្រឹកការងារ រៀបចំដោយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមវៀតណាមផងដែរ៕