(ភ្នំពេញ)៖ ក្រុមចោរអាជីពខាងជិះម៉ូតូឆក់២នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោក ឌុច សុខសារិន សម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ រង់ចាំ សវនាការនាពេលជាក្រោយ។ ការសម្រេចរបស់លោកចៅក្រមស៊ើបសួរនេះ ធ្វើឡើងបន្ទាប់តំណាងអយ្យការលោក ខៀវ ផល្លា បានចោទប្រកាន់ក្រុមជនសង្ស័យទាំង២នាក់នេះ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស។
ដោយឡែកស្ត្រីម្នាក់ ដែលជាបក្សពួកក្រុមនេះ បានកំពុងគេចខ្លួននៅឡើយ។ ហើយក្រុមចោរឆក់ដ៏សកម្មនេះ ក្នុងចំណោមពួកគេ មានម្នាក់ជាកូនមេធាវី និងសមាជិកក្រុមប្រឹក្សា សង្កាត់មួយក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីតុលាការ បានប្រាប់មកភ្នាក់ងារ Fresh News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដើមចមនៃករណីឆក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជនបរទេសប្ដី-ប្រពន្ធ២នាក់ ត្រូវក្រុមចោរ ប្រុស-ស្រី៣នាក់ បានធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ហើយត្រូវប្រជាពលរដ្ឋ នាំគ្នាឡោមព័ទ្ធ ចាប់បានប្រុស២នាក់ និងស្រីម្នាក់រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣៖១០នាទី រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១៖ ឈ្មោះ សុខ ដាលុច្យ អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា, ទី២៖ ឈ្មោះ អ៊ី សុវ៉ាន់ថា អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៧៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ចំណែកនារីម្នាក់មានឈ្មោះ ដា អាយុ២១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ រត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ជាជនបរទេសមានឈ្មោះ ANNE SESTON មានអាយុ៣១ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារសារ៉ាវ៉ាន់ តាមបណ្ដោយផ្លូវ១៧៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនជាតិបរទេសប្ដី-ប្រពន្ធ២នាក់ ដើរថ្មើរជើងតាមបណ្ដោយផ្លូវ៣៦០ បម្រុងទៅសារមន្ទីរគុកទួលស្លែង ស្រាប់តែមានជនសង្ស័យប្រុស-ស្រី៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-Xមិនចាំស្លាកលេខ ក្នុងទិសដៅពីត្បូងមកជើង។
លុះមកដល់នឹងចំណុចមុខស្លាកសារមន្ទីរគុកទួលស្លែង ឃើញជនបរទេសប្ដី-ប្រពន្ធ២នាក់ ដើរក៏ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពីជនបរទេសនោះតែម្ដង ក្នុងពេលធ្វើ សកម្មភាពឆក់នោះ ក្រុមជនសង្ស័យបានដួលម៉ូតូ ត្រូវប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើងយ៉ាងទ្រោមខ្លួនតែម្ដង ចំណែកឯស្រីដែលជាបក្សពួកបានលើម៉ូតូជិះគេចខ្លួន បាត់សម្រោល។
ក្រោយពេលកើតហេតុជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ច ចុះទៅនាំខ្លួនមកធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់៕