(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានប្រារព្ធពិធីសម្ពោធការិយាល័យថ្មីមួយទៀត នៅខេត្តកំពត ក្រោមអធិបតីភាពរបស់លោក លាង រឿនសុធី អភិបាលក្រុងកំពត និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ចៅសង្កាត់ មេឃុំ ប្រធានភូមិ ដៃគូរសហការ អ្នកភូមិក្បែរខាង អតិថិជន និងថ្នាក់ដឹកនាំ ហ្វឺស ហ្វាយនែន ផងដែរ។
ក្នុងកម្មវិធីសម្ពោធនោះ លោកស្រី ជុន សុថានី អគ្គនាយិកាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានថ្លែងថា «ហ្វឺស ហ្វាយនែន បានទទួលអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ២០០៩ ហើយជាស្ថាប័នដំបូងគេ ដែលផ្ដល់សេវាកម្ចីខ្នាតតូចទាក់ទងលំនៅឋាន ដល់ប្រជាជនកម្ពុជា ដែលមានចំណូលទាប និងមធ្យម»។
លោកស្រីបន្ដថា «សម្រាប់ខេត្តកំពត ដោយមើលឃើញពីសក្តានុពល និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាជនផ្នែកលំនៅដ្ឋាន ហ្វឺស ហ្វាយនែន បានសម្រេចចិត្តពង្រីកតំបន់ប្រតិបត្តិការមកកាន់ខេត្តមួយនេះ ដើម្បីជួយសម្រួល និងផ្តល់លទ្ធភាពកាន់តែច្រើនដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ទទួលបានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីព្រោះកម្ចីរបស់ ហ្វឺស ហ្វាយនែន មានរយៈពេលវែងរហូតដល់២០ឆ្នាំ ដែលរយៈពេលវែងនេះ អាចជួយសម្រួលក្នុងការបង់ត្រឡប់ប្រចាំខែ របស់អតិថិជនបាន ព្រមជាមួយលក្ខខណ្ឌល្អៗ ដូចជាលក្ខខណ្ឌរំលស់ប្រាក់ដើម ផ្លាស់ប្តូរកាលវិភាគបង់ប្រាក់...ល»។
ទន្ទឹមនឹងនោះ លោក លាង រឿនសុធី អភិបាលក្រុងកំពត បានសម្តែងសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ដល់វត្តមាន ការិយាល័យ ហ្វឺស ហ្វាយនែន មកដល់ខេត្តកំពត។ លោកបាបថ្លែងផងដែរថា៖ «ប្រជាជននៅខេត្តកំពត នៅមានតម្រូវការផ្ទះសម្បែងជាច្រើន ដែលត្រូវការស្ថាប័នឯកជនជួយគាំទ្រក្នុងផ្នែកហិរញ្ញវត្ថុ និងចំនេះជំនាញផ្សេងៗដែលពាក់ព័ន្ធ»។
លោកក៏បានកោតសរសើរដល់ ហ្វឺស ហ្វាយនែន ដែលបានចាប់បដិសន្ធិមកជាមួយនឹងទស្សនៈវិស័យ ដែលផ្តល់នូវផលវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ហើយក៏បង្ហាញឆន្ទៈគាំទ្រ ចំពោះបេសសកម្មមួយនេះ។
នៅក្នុងកម្មវិធីនេះដែរ មានការផ្តល់ជូនបំពង់ពន្លត់អគ្គីភ័យទៅប្រជាជន ៥០គ្រួសារ សាលាសង្កាត់ និងសាលាឃុំ ចំនួន៥ ដែលក្នុងមួយការិយាល័យទទួលបាន ៤បំពង់។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ហ្វឺស ហ្វាយនែន កំពុងបម្រើសេវាទិញផ្ទះ ទិញដី សាងសង់ផ្ទះ ជួសជុលផ្ទះ និងកម្ចីអចលនទ្រព្យដល់ប្រជាជនប្រមាណជិត ១,៥០០គ្រួសារ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ចាម និងត្បូងឃ្មុំ ជាមួយផលបត្រឥណទានប្រមាណ ២០លានដុល្លារ៕