(រតនគិរី)៖ ជំទប់ទី២ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក រម៉ាម ហ្លន របស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ដោយសារមើលឃើញលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ក្បត់ជាតិ សុខចិត្តឱនក្បាលបម្រើរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយប្រទេសជាតិ ទើបលោកសម្រេចចិត្តប្រកាសចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
បើតាមលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក រម៉ាម ហ្លន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើនយោបាយបម្រើបរទេស ដែលជាទង្វើក្បត់ជាតិ និងធ្វើឲ្យខ្ញុំបាទអស់ជំនឿលើការដឹកនាំ របស់គណបក្សសង្គ្រោះជាតិតទៅទៀត»។
សូមជម្រាបថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅបានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាប្រសាសន៍ទាំងស្រុងរបស់សម្ដេច ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ)