(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ នៅតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែកបាក់ជាបន្តបន្ទាប់ ដោយប្រកាសដើរចេញ ហើយមកចូលរួមជាមួយគណបក្ស កាន់អំណាចដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលការប្រកាសដើរចេញ ដោយស្ម័គ្រចិត្តទាំងនេះ បានកើតមានឡើង បន្ទាប់ពីពួកគេបានមើលឃើញ ពីទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈឃ្លីបវីដេអូ ដោយធ្វើតាមបញ្ជារបស់អាមេរិក ចង់បំផ្លាញជាតិសាសន៍ខ្លួនឯង។

ជាក់ស្តែងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជីវភាពនយោបាយម្នាក់ទៀតហើយ គឺលោក ចិន ធាម អាយុ២៨ឆ្នាំ បច្ចុប្បន្នជាសមាជិក ក្រុមប្រឹក្សាឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផ្ញើជូន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក បានបញ្ជាក់​ថា «ខ្ញុំបាទស្នើសុំចូលបន្ដជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយមួយរយៈនេះខ្ញុំបាទសង្កេតឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានក្បត់ជាតិសាសន៍ខ្លួនឯង ដែលខ្ញុំមិនអាចបន្ដជីវភាពនយោបាយបានជាមួយគាត់តទៅទៀតបានទេ​​»

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ ​(សូមស្តាប់ប្រសាសន៍សម្តេច)