(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង៤០នាក់ មកពីផ្សារស្នាយពល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបជុំគ្នានៅខាងមុខវត្តបទុមវត្តី ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បង្ហាញគាំទ្រដល់ចំណាត់ការរាជរដ្ឋាភិបាល ចំពោះគណបក្សសង្គ្រោះជាតិ។
លោកទូច ប៉ែត ដែលជាប្រធានសមាគម ទ្រទ្រង់ចាស់ជរា និងទុរគតជន ដែលបានដឹកនាំប្រជាពលរដ្ឋ មកជួបជុំគ្នា នៅរាជធានីភ្នំពេញនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋមកនេះគឺក្នុងគោលបំណង២ ក្នុងនោះទី១ គឺគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចំណាត់ការលើគណបក្សសង្រ្គោះជាតិ និងមួយទៀត ស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រឡាយទឹក១ នៅក្នុងភូមិឃុំរបស់ពួកគេ ដើម្បីប្រើប្រាស់បម្រើដល់ផលប្រយោជន៍កសិកម្ម។
សូមរំឮកថា បន្ទាប់មានការជួបជុំគ្នានេះ តំណាងប្រជាពលរដ្ឋ បានយកញត្តិទៅដាក់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រួចរាល់ហើយ ដោយមានមន្រ្តីខុទ្ទកាល័យចេញមកទទួលផងដែរ។
សូមបញ្ជាក់ថា តុលាការកំពូល នឹងបើកសវនាការកាត់ទោសលើសំណុំរឿង រំលាយគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងអំឡុងសប្តាហ៍ក្រោយនេះ បន្ទាប់ពីគណបក្សប្រឆាំងពុំបានដាក់ឯកសារ ដើម្បីឆ្លើយតបទៅនឹងដើមបណ្តឹងក្រសួងមហាផ្ទៃ។
បើតាមខ្លឹមសារ នៃច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី បានបង្ហាញថា ក្នុងករណីដែលគណបក្សនយោបាយនេះត្រូវបានរំលាយ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកបក្សសង្គ្រោះជាតិមកពីកូតាបក្សសម រង្ស៊ី និងសិទ្ធិមនុស្សចំនួនប្រហែល១១០នាក់ ដកសិទ្ធិធ្វើនយោបាយនៅកម្ពុជា រយៈពេល៥ឆ្នាំផងដែរ។
ដោយឡែកចំពោះតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសង្រ្គោះជាតិពេលនេះ កំពុងតែផ្លាស់ប្តូរជីវភាពនយោបាយ ដោយផ្តាច់ចេញពីគណបក្សសង្រ្គោះជាតិ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ រហូតដល់ពេលនេះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសង្រ្គោះជាតិ ៦៩រូបហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕