(ភ្នំពេញ)៖ ថ្ងៃស្អែក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាថ្ងៃចុងក្រោយនៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ សូមបងប្អូនដែលគ្រប់អាយុបោះឆ្នោត, បងប្អូនផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។
ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ជាង៥០ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះមានជាង១.៧ម៉ឺននាក់។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ គឺដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
សូមប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ខាងមុខ៕