(ភ្នំពេញ)៖ ពេញមួយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីសមាជិកក្រុមប្រឹក្សាស្រុក ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ចំនួន១៨នាក់ ព្រមទាំងសកម្មជនចំនួន៥៥នាក់ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
សមាជិកក្រុមប្រឹក្សាស្រុក ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១៨នាក់ ថ្មីទៀត រួមមាន៖ ខេត្តកោះកុង៣នាក់ ជាសមាជិកក្រុមប្រឹក្សា, ខេត្តពោធិ៍សាត់១១នាក់ សមាជិក្រុមប្រឹក្សា និងជំទប់, ខេត្តកំពង់ធំម្នាក់ ជាជំទប់ទី២, ខេត្តតាកែវម្នាក់ ជាសមាជិកក្រុមប្រឹក្សា និងខេត្តក្រចេះ២នាក់ សមាជិកក្រុមប្រឹក្សា ព្រមទាំងសកម្មជន និងគាំទ្រមូលដ្ឋាននៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺចំនួន៥៥នាក់។
បើរាប់ទាំងសមាជិកក្រុមប្រឹក្សាស្រុក ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១៤នាក់ខាងលើ (ផ្សាយម្សិលមិញ៤នាក់) គិតមកដល់ថ្ងៃទី០៧ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៨១នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)