(ភ្នំពេញ)៖ ស្របពេលក្រុមហ៊ុនមួយចំនួន បោកប្រាស់ប្រជាពលរដ្ឋ លើករណីទិញលំនៅដ្ឋានតម្លៃមធ្យម ប៉ុន្តែមិនគោរពតាមកិច្ចសន្យា អ្នកជំនាញអចលនទ្រព្យកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានការប្រុងប្រយ័ត្ន មុនសម្រេចជ្រើសរើសគំរោងណាមួយ យកមកលក់ដែលមិនដឹងពីប្រវត្តិច្បាស់លាស់។
លោកចាន់ ស៊ីប្រធាននាយកប្រតិបត្តិតំណាងឲ្យ ក្រុមហ៊ុនហ្វាយអេស រៀលធីគ្រុបខូ អ៊ិលធីឌីបានថ្លែងឲ្យដឹង នៅថ្ងៃទី០៧ វិច្ឆិកានេះថា កាលពីថ្ងៃទី២៤ កុម្ភៈឆ្នាំ២០១៧ ក្រុមហ៊ុនក្រុមហ៊ុនហ្វាយអេស រៀលធីគ្រុបខូ អ៊ិលធីឌី លោកបានសហការ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយ ទិញលក់លំនៅដ្ឋានពីលោកប៊ុណ្ណច័ន្ទ គ្រឹស្នា ដែលម្ចាស់គំរោងបានអះអាងថា បានអភិវឌ្ឍន៍ផ្ទះល្វែងភូមិទ័ពបោះ ជាលំនៅដ្ឋានមានតម្លៃសមរម្យ ស្ថិតនៅក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកបន្តថា បន្ទាប់ពីដើរតួនាទីជាភ្នាក់ងារអចលនទ្រព្យជាមួយលោកប៊ុណ្ណច័ន្ទ គ្រឹស្នា បានមួយរយៈគម្រោងលំនៅដ្ឋាន របស់គាត់បានជួបបញ្ហានៅខែមេសា លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បានដោះស្រាយជាមួយម្ចាស់ដីរួច បន្តការសាងសង់របស់ខ្លួន លុះដល់ពាក់កណ្តាលខែមិថុនា លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បានផ្តល់ព័ត៌មាន ឲ្យក្រុមហ៊ុនក្រុមហ៊ុនហ្វាយអេស រៀលធីគ្រុបខូ អ៊ិលធីឌី អញ្ជើញអតិថិជនទាំងអស់ដែលបានទិញផ្ទះ នៅផ្នែកខាងមុខ មកដកប្រាក់ដើមវិញ នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ ដោយសារម្ចាស់ដី ដែលគាត់យកមកសាងសង់ លំនៅដ្ឋាន មិនអនុញ្ញាត្តឲ្យសាងសង់បន្ត ដោយសារ លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា មិនបានបង់ប្រាក់ជូនម្ចាស់ដីបានគ្រប់ចំនួន។
លោកបន្តថា គម្រោងផ្ទះល្វែងភូមិទ័ពបោះ មានផ្ទះប្រមាណ១៩០ល្វែង និងមានការកក់ពីអតិថិជនរួចហើយ ដោយខ្លះបង់ប្រាក់កក់១០ភាគរយ ខ្លះ៥០ភាគរយ និងខ្លះទៀត បានបង់ប្រាក់គ្រប់១០០ភាគរយហើយ។ លោកបន្តថា ដោយសារមានបញ្ហាលោកប៊ុណ្ណច័ន្ទ គ្រឹស្នា បានសន្យានឹងសាងសង់ផ្ទះឲ្យចប់ និងដោះស្រាយបញ្ចប់បញ្ហានៅខែសីហាកន្លងមកនេះ និងបន្ទាប់មកបានពន្យាពេលដល់ពាក់កណ្តាលខែតុលា ប៉ុន្តែលោកប៊ុណ្ណច័ន្ទ គ្រឹស្នា នៅតែមិនព្រមដោះស្រាយ រហូតមកទល់ពេលនេះ សូម្បីទូរស័ព្ទក៏លែងលើក។
យោងតាមឯកសារនៃពាក្យបណ្តឹងរបស់ លោកចាន់ ស៊ី ដែលបានដាក់ប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧កន្លងមកនេះបានឲ្យដឹងថា នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ លោកប៊ុណ្ណច័ន្ទ គ្រឹស្នាបានធ្វើកិច្ចសន្យាព្រមព្រៀងផ្តល់សិទ្ឋគ្រប់គ្រងការលក់ គម្រោងលំនៅដ្ឋានឈ្មោះ “គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងភូមិទ័ពបោះ” ដែលមានទីតាំងនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។ កិច្ចសន្យានេះធ្វើឡើងរវាងខ្ញុំបាទ (ចាន់ ស៊ី)និងលោកប៊ុណ្ណច័ន្ទ គ្រឹស្នាហើយប្រថាប់ត្រាទទួលស្គាល់ដោយមេធាវីឈ្មោះរស់ ស៊ីថា។
ឯកសាររបស់លោកចាន់ ស៊ីដដែលបានបញ្ជាក់ថា «ខ្ញុំបាទគ្រាន់តែជាអ្នកផ្សព្វផ្សាយលក់គំរោង លើទីផ្សារដោយទទួលបាន៥ភាគរយ ពីការលក់ផ្ទះក្នុងមួយល្វែង។ គំរោងផ្ទះល្វែងភូមិទ័ពបោះ មានតម្លៃ១៧០០០ដុល្លារក្នុងមូយល្វែង ហើយមានគម្រោងបង់លុយប្រចាំខែក្នុងមួយល្វែងពី៣០០ ទៅ៥០០ដុល្លារក្នុងមួយខែ ដោយកក់មុនត្រឹម២០០ដុល្លារ»។ ឯកសារដដែលបានបន្តថា គម្រោងមួយនេះត្រូវបានអតិថិជនទិញ ដល់ទីកន្លែងផ្ទាល់ហើយបានបង់លុយនៅទីតាំងនោះ(ក្រុមហ៊ុន)របស់លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា អតិថិជនខ្លះបានបង់ប្រាក់ច្រើន ក៏មានការសង្ស័យ ព្រោះម្ចាស់គំរោងមិនបានអនុវត្តការសាងសង់តាមផែនការណ៏ និងមិនបានឃើញការសាងសង់ ដោ យម្ចាស់គម្រោងលោក ប៊ុណ្ណច័ន្ទ គ្រឹស្នាបានរត់ចោលទីតាំងបាត់ដំណឹង ថែមទាំងបោកលុយខ្ញុំបាទ២៤,០០០ដុល្លារ និងបានយកលុយអតិថិជនបង់ប្រចាំខែរត់ទៀតផង។
ក្នុងករណីនេះប្រជាពលរដ្ឋរងគ្រោះ ក៏បានដាក់សំណើរជូនទេសរដ្ឋមន្រ្តីជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
លោកចាន់ ស៊ីបានបញ្ជាក់ថា «អតិថិជនមួយចំនួនបានចោទខ្ញុំជាអ្នករួមគំនិត ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ខ្ញុំក៏ជាជនរងគ្រោះម្នាក់ផងដែរ ព្រោះខ្ញុំមិនបានវិនិយោ គជាមួយលោកប៊ុណ្ណច័ន្ទ គ្រឹស្នាទេ គ្រាន់តែដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយតំណាងកក្រុមហ៊ុនហ្វាយអេសរៀលធី ខូអ៊ិលធីឌីប៉ុណ្ណោះ”។លោកបន្តថា “កាលពីថ្ងៃទី១៩ តុលាកន្លងមកនេះ ខ្ញុំបានដាក់ពាក្យបណ្តឹង ទៅអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកោះអញ្ជើញលោកប៊ុណ្ណច័ន្ទ គ្រឹស្នាចេញមុខមកដោះស្រា យនិងផ្តល់សំណងជូនជនរងគ្រោះ ដើម្បីបញ្ចប់ករណីនេះនាពេលឆាប់ៗខាងមុខនេះ»។
លោកចាន់ ស៊ីបានបន្តថា ដំណោះស្រាយចំពោះករណីនេះ សូមអតិថិជនទិញគម្រោងលំនៅដ្ឋានខាងលើ ត្រូវរកដំណោះស្រាយរួមគ្នា ក្នុងនាមជាជនរងគ្រោះដូចគ្នា និងស្វែងរកបុគ្គលប៊ុណ្ណច័ន្ទ គ្រឹស្នាឲ្យឃើញ ដើម្បីចេញមុខមកដោះស្រាយករណីវិវាទនេះ ហើយសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យជួបករណីបែបនេះ ដោយត្រូវសិក្សាពីប្រវត្តិក្រុមហ៊ុន ប្រវត្តិអ្នកអភិវឌ្ឈន៍ច្បាស់ លាស់ មុនសម្រេចចិត្តទិញលំនៅដ្ឋាននៅគម្រោងណាមួយនោះ។
លោកបន្តថា ជាមួយគ្នានេះក្រុមហ៊ុនដើរតួជាភ្នាក់ងារអចលនទ្រព្យនានា ត្រូវមានការប្រុងប្រយ័ត្នផងដែរ មុនទទួលយកគម្រោងអភិវឌ្ឍន៍ណាមួយមកលក់ និងសិក្សាប្រវត្តិអ្នកអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសហានិភ័យទាំងខ្លួនឯង និងអតិថិជនរបស់ខ្លួន។ លោកប៊ុណ្ណច័ន្ទ គ្រឹស្នាមិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ៕
ខាងក្រោមនេះ រូបភាព លោកប៊ុណ្ណច័ន្ទ គ្រឹស្នា ជនជាប់ចោទ ដែលមិនអាចរកការបំភ្លឺបាន(រូបថតឯកសារ)៖