(កំពង់ធំ)៖ ជំទប់ទី២ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក គង់ ឈុំ អាយុ៥១ឆ្នាំ ជាជំទប់ទី២ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញអំពីភាពអសកម្ម និងអំពើក្បត់ជាតិរបស់ គណបក្សសង្គ្រោះជាតិ ពិសេសគឺលោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិចូលដៃជាមួយបរទេស ដើម្បីមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយបង្កើនបដិវត្តពណ៌ក្នុងប្រទេសរបស់យើង ធ្វើឲ្យរូបខ្ញុំបានអស់ជំនឿលើការដឹកនាំរបៀបនេះ ហេតុដូច្នេះទើបខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាមហាគ្រួសារកក់ក្ដៅ និងជាទីពឹងទៅអនាគតសម្រាប់ប្រទេសជាតិ»។
ជាមួយគ្នានេះលោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក៏បានទទួលលោក គង់ ឈុំ សមាជិកគណបក្សថ្មីយ៉ាងរាក់ទាក់ជាទីបំផុតផងដែរ។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ (សូមស្តាប់ប្រសាសន៍សម្តេច)