(ពោធិ៍សាត់)៖ តាមរយៈលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកឧកញ៉ា វិញ ហួរ ដែលមានទំនាក់ទំនងល្អជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចសប្បុរសជននានានោះ អង្គការ Cambodia Vision របស់ប្រទេសអូស្ត្រាលី បានបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ពិធីបើកឲ្យដំណើរការព្យាបាលក្រោមវត្តមានរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពនានានិងគ្រូពេទ្យជំនាញមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត ជេក ម៉េងលី ប្រធានអង្គការ Cambodia Vision ប្រទេសអូស្រ្តាលីបានជំរាបជូនថា នេះគឺជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យរបស់ប្រទេសអូស្ត្រាលីនៃអង្គការ Cambodia Vision មកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។ គ្រូពេទ្យដែលមកនេះសុទ្ធតែស្ម័គ្រចិត្ត មានជំនាញនិងបទពិសោធន៍ខ្ពស់ខាងវះកាត់ភ្នែកឡើងបាយ, ដុះកន្ទុយថ្លែន, ជួយពិនិត្យសុខភាពអ្នកគ.ថ្លង់ និងគ្រូពេទ្យជំនាញផ្នែកត្រចៀក បំពង់.កជាដើម។ ការពិនិត្យ និងព្យាបាលជំងឺនេះគឺមិនគិតថ្លៃទេ ថែមទាំងមានអាហារជូនពីរពេលក្នុងមួយថ្ងៃ មានវ៉ែនតាការពារពន្លឺថ្ងៃ និងថវិកាម្នាក់០២ម៉ឺនរៀល សម្រាប់ធ្វើដំណើរត្រឡប់ទៅវិញទៀតផង។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា ការព្យាបាលមានរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្នុងមួយថ្ងៃទទួលព្យាបាលចំនួន៥០០នាក់។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានអរគុណចំពោះលោកវេជ្ជបណ្ឌិត ជេក ម៉េងលី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសអូស្ត្រាលី មកពិនិត្យនិងព្យាបាលជំងឺភ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នាពេលនេះ។
លោកបានថ្លែងថា ជំងឺបាយភ្នែក និងដុះកន្ទុយថ្លែននេះបើយើងព្យាបាលអស់លុយច្រើនណាស់ ប៉ុន្តែនេះជាឱកាសល្អរបស់បងប្អូន ហើយដែលគ្រូពេទ្យបរទេសមកព្យាបាលជូនដោយមិនគិតថ្លៃ ហើយថែមទាំងផ្ដល់ជូនអាហារមួយថ្ងៃពីរពេល និងថវិកាម្នាក់០២ម៉ឺនរៀលទៀតផង។
ក្រុមគ្រូពេទ្យអង្គការ Cambodia Vision នេះមិនមែនព្យាបាលតែក្នុងខេត្តពោធិ៍សាត់មួយប៉ុណ្ណោះទេ គឺបានព្យាបាលជូនអ្នកជំងឺនៅតាមបណ្ដាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។ កាយវិការមនុស្សធម៌នេះពិតជាបានជួយដល់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនិងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជាដែលពុំមានលទ្ធភាពព្យាបាលជំងឺកន្លងមក។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ស្រុក ក្នុងខេត្តពោធិ៍សាត់ដែលមានជំងឺភ្នែកទាំងឡាយនាំគ្នា មកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឲ្យបានទាន់ពេលវេលាព្រោះក្រុមគ្រួពេទ្យបរទេសព្យាបាលតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
ជាមួយគ្នានេះលោកសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយការពារសុវត្ថិភាពដល់ក្រុមគ្រូពេទ្យ ដែលមកស្នាក់នៅក្នុងការពិនិត្យព្យាបាលនេះឲ្យបានល្អប្រសើរផង៕