(ភ្នំពេញ)៖ អតីតចាងហ្វាងផលិតកម្ម H2O លោក យិន សុខហេង ដែលបច្ចុប្បន្ននេះ បានសម្រេចសាងផ្នូសបួសជាព្រះសង្ឃ ដាក់ចិត្តដាក់កាយចូលបម្រើក្នុងផ្លូវ ព្រះពុទ្ធសាសនា គង់ចាំព្រះវស្សានៅវត្តទួលប្រាសាទ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានសម្រេចព្រះទ័យ ជួយឧបត្ថម្ភថវិកា​ និងអំពាវនាវ ដល់​សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់វត្តអារាម ដាច់ស្រយាល និងដ៏ក្រខ្សត់មួយ ស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត ទុកជូនដល់ពុទ្ធបរិស័ទ ជាទីសក្ការៈបូជា។

ព្រះតេជគុណ យិន សុខហេង មានថេរដីកាប្រាប់ Fresh News ឲ្យដឹងថា ដោយព្រះអង្គបាន​ឃើញជាក់ស្ដែង ពីភាពខ្វះខាតយ៉ាងធំធេង ដើម្បីកសាងសមិទ្ធផល​ក្នុងវត្តអារាម ជាពិសេសពេលខ្លះព្រះសង្ឃគង់​ក្នុងវត្ត ស្ទើរតែដាច់ចង្ហាន់ម្ដងៗផងនោះ ទើបព្រះអង្គបានសម្រេចនាំយកបច្ច័យ ចំនួន១៥០០ដុល្លារអាមេរិក ប្រគេនចំពោះព្រះចៅអធិការវត្ត ដើម្បីជួយសម្រួលការលំបាកក្នុងវត្ត និងកសាងសាលាឆាន់មួយ គ្រាន់ទុកឲ្យពុទ្ធបរិស័ទ​មកធ្វើបុណ្យទាន រាល់ពេលថ្ងៃសីល ឬបុណ្យប្រពៃណីខ្មែរម្ដងៗ។

ព្រះតេជគុណ បានមានសង្ឃដីការបន្តទៀតថា «​ខ្ញុំព្រះករុណា​ ក្នុងថ្ងៃនេះ​ មានសុទ្ធាជ្រះថ្លា បាននាំយកនូវបច្ច័យចំនួន១៥០០ដុល្លារ ទៅប្រគេនព្រះសង្ឃ នៅវត្តក្រឡាញ់ចាស់ ស្ថិតនៅក្នុងភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យព្រះចៅអធិការវត្ត បានដោះស្រាយនូវចង្ហាន់ និងសងថ្លៃកសាងកុដិ ដែលព្រះអង្គលោកកំពុងតែកសាង មិនទាន់រួចនៅឡើយ។ សូមបុណ្យកុសល ដល់ញាតិញោមគ្រប់ៗគ្នា។ ​ខ្ញុំព្រះករុណា ចង់បញ្ជាក់ថា វត្តក្រឡាញ់ចាស់នេះ ពុំទាន់មានព្រះវិហារ សាលា​ឆាន់ ដូចវត្តផ្សេងៗទៀត​នៅឡើយទេ ហើយរឿងចង្ហាន់ព្រះសង្ឃ គឺព្រះចៅអធិការវត្ត លោក​ជាអ្នកទទួល​ទាំងអស់ ព្រោះមិនមានវេនដូចវត្តដទៃ​នោះទេ..!។ អាត្មាសូមបិណ្ឌបាត ដល់ញាតិញោម មេត្តាចូលរួមជួយកសាងវត្ត ដ៏កំសត់មួយនេះ ឲ្យមាន​ព្រះវិហារ សាលាឆាន់ ដូចវត្តផ្សេងៗផង​.. តាមសុទ្ធាជ្រះថ្លា​របស់ញាតិញោម..!»

​ជាមួយនឹងការឧបត្ថម្ភបច្ច័យ ជួយ​ដល់វត្តខាងលើនេះ ព្រះតេជគុណ យិន សុខហេង ជំនួសមុខឲ្យព្រះចៅអធិការវត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែមានសុទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា មេត្តជួយចាប់ជាកុសល​ នូវបច្ច័យ ឬសម្ភារៈផ្សេងៗតាមកម្លាំងសុទ្ធារៀងៗខ្លួន ដើម្បីកសាងវត្តអារាម​​ដ៏អត្តខាត់មួយនេះ ឲ្យមានព្រះវិហារ ​ទុកឲ្យបងប្អូននៅក្នុងភូមិ-ឃុំ គោរពបូជាតាមគន្លងប្រពៃណី។

​សូមបញ្ជាក់ថា ​វត្តក្រឡាញ់ចាស់ ស្ថិតនៅក្នុងភូមិស្រងាំទេរ ​ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពុំទាន់មានព្រះវិហារ សាលាឆាន់ ដូចវត្តផ្សេងៗទៀត​នៅឡើយទេ ហើយរឿងចង្ហាន់​ព្រះសង្ឃ គឺព្រះចៅអធិការវត្ត​ ជាអ្នកទទួលទាំងអស់។ ​ប្រសិនបើសប្បុរសជន ឬញាតិញោមចង់ជួយឧបត្ថម្ភដល់វត្ត «ក្រឡាញ់ចាស់» អាច​ទំនាក់ទំនងទៅ ព្រះ​ចៅអធិការវត្តផ្ទាល់ ព្រះនាម ម៉ុច សៅលី តាមរយៈលេខ ០១៥ ៨៩៦ ៩៩៩​/០៩៧ ៥៥ ០៨ ០៩៧ ​/ ០៩២ ៤៧ ៦៦ ៩៦​៕