(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេល ៦ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅទីផ្សារក្រៅប្រទេសគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក ខណៈការបញ្ជាទិញពីបរទេសក៏នៅតែបន្តមាន និងមានការបង្កើនផងដែរ។

របាយការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា រយៈពេល ១ឆមាស (៦ខែ) ឆ្នាំ២០១៧ បើគិតជាទឹកប្រាក់មានចំនួន ៣,៧៣០.៣លានដុល្លារអាមេរិក កើនឡើង ៦.៩ភាគរយ បើធៀបឆ្នាំ២០១៦។

របាយការណ៍ក៏បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០០០មក ការចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ដោយចាប់ពីជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៧,៣២១.៨លានដុល្លារ នៅឆ្នាំ២០១៦។

ទន្ទឹមការកើនឡើងជាលំដាប់នៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកម្ពុជា ដែលបម្រើការក្នុងវិស័យកាត់ដេរនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ ចាប់ពី ៤៥ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់ ១៥៣ដុល្លារ ក្នុងឆ្នាំ២០១៧នេះ ហើយនឹងបន្តឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ខាងមុខ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បណ្ដាក្រុមហ៊ុនបញ្ជាទិញមានការពេញចិត្តយ៉ាងខ្លាំង ចំពោះផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរដែលនាំចេញពីកម្ពុជា ព្រោះផលិតផលទាំងនេះនៅតែជាផលិតផលស្អាតស្អំ គ្មានការកេងប្រវ័ញ្ច គ្មានការរំលោភកម្លាំងពលកម្ម គោរពតាមលក្ខខណ្ឌការងារបានត្រឹមត្រូវ និងផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាបន្តយន្តការ និងអនុវត្តនូវលក្ខខណ្ឌការងារនានារបស់អ្នកបញ្ជាទិញ ចំពោះកម្មករនិយោជិតផងដែរ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ដូចជាការផ្ដល់ជូននូវរបបហានិភ័យការងារ របបថែទាំសុខភាព និងការធានារ៉ាប់រងផ្សេងៗ ហើយនៅឆ្នាំ២០១៩ ខាងមុខ រាជរដ្ឋាភិបាលក៏នឹងផ្ដល់ជូនកម្មករនិយោជិតនូវរបបសោធននិវត្តន៍មួយថ្មីទៀត ដើម្បីឲ្យកម្មករនិយោជិតទទួលបានប្រាក់ចូលនិវត្តន៍ដូចទៅនឹងមន្ត្រីរាជការផងដែរ៕