(ភ្នំពេញ)៖ ករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅ​ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីបានអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកប្តីតិរិច្ឆានរូបនោះ បានអារ.កសម្លាប់ខ្លួនឯង តាមក្រោយតែមិនស្លាប់ ត្រឹមតែរបួសធ្ងន់នោះ ដោយសារបុរសជាប្ដីបែកថ្នាំខ្លាំងពេក ហើយណាមួយជនសង្ស័យរូបនេះ ទើបតែចេញពីពន្ធនាគារបានកន្លះខែតែប៉ុណ្ណោះ។

នេះបើតាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលនេះ។

លោកអធិការខណ្ឌ បានបញ្ជាក់ថា ​ជនសង្ស័យជាប្តីឈ្មោះ ចា​ន់ ជីវី ​អាយុ៣០ឆ្នាំ ​​បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិខាងលើ ហើយជន សង្ស័យទើបចេញពីពន្ធនាគាបានកន្លះ ខែប៉ុណ្ណោះ ដោយឡែកជនរងគ្រោះ ជាប្រពន្ធស្លាប់ឈ្មោះ ថៃ គីម ដែលទើប​មកនៅជាមួយប្តីបាន៥ថ្ងៃ។ ដោយឡែកស្លាកស្នាមដែលត្រូវបុរសជាប្ដីកាប់ប្រហារនោះ ​គឺត្រូវគុម្ភត្រចៀកខាងឆ្វេង និងជាំភ្នែកខាងស្តាំ, កាប់ត្រូវច្រមុះដល់ឆ្អឹង, កាប់ត្រូវកដល់ឆ្អឹង និងកាប់ត្រង់ចំនុចក្រោមថ្ពាល់ខាងស្តាំ។

អធិការនគរបាលខណ្ឌបន្ថែមថា ​មុនពេលកើតហេតុម្ចាស់ផ្ទះជួល ឮសូរសំលេងប្រតាយប្រតប់គ្នា នៅបន្ទប់កើតហេតុក៏ចេញទៅមើល ក៏បានឃើញជនសង្ស័យ កំពុងអារ.ក​ប្រពន្ធរបស់ខ្លួន ម្ចាស់ផ្ទះក៏បានរាយការណ៍ មកនគរបាលប៉ុស្តិ៍ ពេលកម្លាំងប៉ុស្តិ៍ទៅដល់ជនសង្ស័យបានរត់ឡើងទៅលើដំបូលផ្ទះ ដោយយកកូនកាំបិតចាក់ក​ខ្លួនឯង រួចលោតពីលើតំបូលចុះមកក្រោមសន្លប់តែម្តង។​

ចំណែកមូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង ត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ជនសង្ស័យរូបនេះបានបែកថ្នាំខ្លាំងពេក ហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន៕