Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រំដោះការលិចលង់ផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌឫស្សីកែវ, អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអភិបាលខណ្ឌ យកគ្រឿងចក្រទៅស្ដារប្រឡាយរំដោះទឹកភ្លាមៗ ក្នុង២សង្កាត់

07-11-2017 14:38

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះត្រួតពិនិត្យភ្លាមៗ ពីស្ថានភាពប្រឡាយ និងនាំយកគ្រឿងចក្រទៅស្ដារ បើកមុខផ្លូវទឹកឱ្យបានធំទូលាយ ចាប់ពីផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) មកប៉ែកខាងលិចធ្លាក់ មកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរ ចូលមកតាមប្រឡាយអូរអាគុជ រហូតធ្លាក់ទៅដល់ផ្លូវ ទំនប់កប់ស្រូវ ដើម្បីរំដោះការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

សមាសភាពចូលរួមមានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ស្មាស រិទ្ធី និងលោក លឹម សាមឌី ប្រធានការិយាល័យសាធារណៈការខណ្ឌ លោក គន់ សោភា អនុប្រធានការិយាល័យភូមិបាលខណ្ឌ លោក ប្លុង សីហៈ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

លោក ជា ពិសី បានថ្លែងថា បន្ទាប់ពីនាំយកគ្រឿងចក្រស្ដារប្រឡាយ ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌឫស្សីកែវ គ្រោងធ្វើផ្លូវប្របមាត់ប្រឡាយ១ខ្សែ ឲ្យចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខ ដែលមានប្រវែងប្រហែល២៧០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងធ្វើការជួសជុលអណ្ដូងលូ ជង្ហុគតូចធំ (សំបុកមាន់) ក្រោយពីធ្វើរបាយការណ៍យ៉ាងលម្អិតមួយ ដើម្បីស្នើសុំទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្វើការសម្រេចពាក់ព័ន្ធការស្ថាបនា។

លោក ជា ពិសី បានថ្លែងទៀតថា ពិសេសធ្វើការកំណត់ពីផលប៉ះពាល់ចំពោះម្ចាស់ក្បាល ដីឡូត៍មួយចំនួន ក្រោយឆ្នាំ២០១៥ បានសាងសង់សំណង់របងផ្ទះតូចធំ លើដីចំណីប្រឡាយ ដោយគ្មានស្នើសុំច្បាប់អនុញ្ញាត ចាំបាច់ទាមទាឲ្យសហការបើកមាត់ប្រឡាយ និងត្រូវអញ្ជើញមកពិភាក្សាសុំឱ្យជួយសម្បទានពីសំណាក់ប្រជាពលរដ្ឋ តើមានប៉ុន្មានគ្រួសារ? ក្នុងការស្ថាបនាផ្លូវ១ខ្សែ ចាប់ពីផ្លូវបុរីអង្គរភ្នំពេញ កាត់តាមហ្គ្រែនភ្នំពេញ រហូតមកដល់ផ្លូវទំនប់កប់ស្រូវ ដោយអាចសម្រួលទាំងការធ្វើដំណើរ និងបញ្ជៀសបានទាំងការលិចលង់ពីជំនន់ទឹកភ្លៀង។

លោកអភិបាលខណ្ឌបន្តថា ប្រសិនបើការស្ថាបនាផ្លូវ១ខ្សែនេះ ទទួលបានជោគជ័យ មិនត្រឹមតែអាចបញ្ជៀសទាំងការលិចលង់ពីជំនន់ទឹកភ្លៀងនោះទេ ពិសេសអាចជួយកាត់បន្ថយ បញ្ជៀសការកកស្ទះចរាចរ នៅលើដងផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) បានមួយចំណែក ក៏ដូចជាផ្លូវជាតិលេខ៥ផងដែរ៕