(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំជាប្រចាំរបស់ប្រធានប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល លើការការពារសុខមាលភាព​ប្រជាជន និងសុវត្ថិភាពម្ហូបអាហារ​ នៅ​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ មន្រ្តីផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយមន្ទីពា​ណិជ្ជកម្ម​ បានចុះអង្កេតទីផ្សារចំនួនពីរក្នុង​រាជធានីភ្នំពេញ​ គឺផ្សារកណ្តាល​ និងផ្សារធំថ្មី​ ដើម្បីស្វែងរកសារធាតុគីមី​ហាមឃាត់។

ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនាពេលនេះ មន្ត្រីកាំកុងបានបញ្ជាក់ថា​ ជាលទ្ធផលសង្កេតឃើញថា ពុំមានការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ​ ដោយសារបច្ចុប្បន្ននេះ អាជីវករមានការយល់ដឹងច្រើន​ និងបានសហការ​យ៉ាង​ល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

ទន្ទឹមនឹងនេះដែរ​ មន្រ្តីកាំកុងត្រូលក៏បានចុះស្រាវជ្រាវ រក​ទំនិញជាផលិតផលពងត្រី​ ដែល​មានឈ្មោះ​ ថា​ Rainbow Trout Caviar ដែលមានផ្ទុកស្ព័ររបស់បាក់តេរីដែលអាចបង្កហានិភ័យខ្ពស់ ដល់អ្នកប្រើប្រាស់​ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់អាជីវករកុំឲ្យ ទទួលលក់ផលិតផលនេះ។

​ជាមួយគ្នានោះដែរ គំរូរជាជាប្រភេទ​ ប្រហុក​ ផ្អក​ ជ្រក់​ គ្រឿងសមុទ្រ​ សាច់​ ស្លឹកគ្រៃហាន់រួច​ និងបន្លែ​ ចំនួន៣៥មុខ​ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមី​ហាមឃាត់។

​មន្ត្រីកាំកុងត្រូលក៏បានណែនាំដល់ក្រុមអាជីវករ​ទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យ ត្រូវតាម​លក្ខណៈ​បច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​ មន្រ្តីបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕