(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសថា លោកនឹងផ្ដល់ អាហារូបករណ៍ដល់ប្អូនៗសិស្ស-និស្សិតចំនួន៥០កន្លែង ទៅបន្តការសិក្សា នៅប្រទេសចិន ក្នុងឆ្នាំ២០១៨ ខាងមុខនេះ។
ការប្រកាសបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ស សុខា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីអ្នកគ្រូ-លោកគ្រូ, សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ស សុខា បានថ្លែងថា «ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានចូលរួមជាមួយប្អូនៗសិស្ស និស្សិត ជាក្តីសង្ឃឹម និងជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ»។ លោកថា សូមប្អូនៗធ្វើយ៉ាងណា ខិតខំរៀនសូត្របង្កើនចំណេះវិជ្ជា ដើម្បីជាទំនុកចិត្តរបស់ឪពុក ម្តាយ ដែលខំចិញ្ចឹមបីបាច់រក្សា លោកគ្រូ អ្នកគ្រូ ដែលខំបង្ហាត់បង្រៀន និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ធ្វើកំណែទំរង់ស្ទើរគ្រប់វិស័យ ពិសេស វិស័យអប់រំនេះតែម្តង ប្អូនៗចូលរៀនសូត្រដោយឥតបង់ថ្លៃ។
លោកបន្ដថា ទំពាំងស្នងឬស្សី ធនធានមនុស្សដ៏សំខាន់សំរាប់ជាតិ គឺប្អូនៗសិស្ស និស្សិតនេះហើយ សមដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកឡើងថា «ការអប់រំល្អ គឺជាកូនសោរសំរាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»។ ដើម្បីបំពេញតម្រូវការជូនប្អូនៗនិស្សិត នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នេះ សម្តេចក្រឡាហោម ស ខេង នឹងផ្តល់ជូនអគារសិក្សាមួយចំនួនបន្ថែមទៀត។
តំណាងរាស្រ្តមណ្ឌលព្រៃវែង បានបញ្ជាក់ថា «លើសពីនេះទៀត ខ្ញុំនឹងផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្ស និស្សិតចំនួន ៥០កន្លែង ទៅបន្តការសិក្សា នៅប្រទេសចិន ក្នុងឆ្នាំ២០១៨ ខាងមុខនេះ។ ខ្ញុំនឹងព្យាយាមជំរុញប្អូនៗទាំងអស់ ឲ្យយកសមត្ថភាពពិតប្រាកដ ទៅប្រកួតប្រជែងលើពិភពលោកទាំងមូល ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កូនខ្មែរយើង»។
លោកបន្ថែមទៀតថា ជាងនេះទៅទៀត ដើម្បីផ្សារភ្ជាប់សកម្មភាពមនុស្ស របស់ប្អូនៗនិស្សិត ខ្ញុំនឹងរៀបចំកម្មវិធីបរិច្ចាគឈាមមួយនៅទីនេះ ដើម្បីយកអំណោយឈាមរបស់ប្អូនៗទៅ សង្គ្រោះដល់ជនរងគ្រោះ ទាំងឡាយទូទាំងប្រទេស។
លោក ស សុខា បានឲ្យដឹងទៀតថា ទាក់ទងទៅកម្មវិធីសប្បាយៗ ខេត្តព្រៃវែងយើងនេះ ក៏នឹងរៀបចំសង្ក្រាន្តព្រៃវែង ដោយមានការ ការប្រគុំតន្ត្រី ប្រឡងចំរៀង ស្រីស្រស់-ប្រុសស្អាត។ ចំណែកវិស័យកីឡាវិញ ខេត្តព្រៃវែង ក៏នឹងរៀបចំការប្រកួតកីឡា អបអរសាទរ ទិវាជ័យជន្នះ ៧មករា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ផងដែរ៕