(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើបទបង្ហាញពីការធ្វើកំណែទម្រង់ «វិស័យសាធារណការនិង ដឹកជញ្ជូន» ជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល។
ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាយកសាលាភូមិន្ទរដ្ឋបាល មន្ត្រីរាជការនៃសាលា ភូមិន្ទរដ្ឋបាល កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការជំនាន់ទី៧ សិក្ខាកាមក្រសួងបរិស្ថានថ្នាក់ជាតិ និងសិក្ខាកាមក្រសួងបរិស្ថានថ្នាក់ក្រោមជាតិសរុបប្រមាណ ៦០៨នាក់។
លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីការធ្វើបច្ចុប្បន្នភាព និងសមិទ្ធិផលការងារសំខាន់ៗដែលសម្រេចបានទាក់ទង ផែនការសកម្មភាព ១០០ថ្ងៃ និងកំណែទម្រង់កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សមិទ្ធិ ផលការងារសម្រេចបានទាំងនេះរួមមាន៖ ការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅ ផ្សារទំនើប AEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ) ការបិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាត ពន្លឺពេលយប់) ចំនួន ៣.៤លានសន្លឹក យុទ្ធនាការចែកមួកសុវត្ថិភាព ការរៀបចំរចនាសម្ព័ន្ធ អង្គការលេខរបស់ក្រសួងឡើងវិញ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ការដាក់ឱ្យដំណើរការចុះបញ្ជី យានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការផ្តល់ ប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ ឈៀកចល័ត និងផ្លាកលេខយានយន្ត ដែលមាន QR Code ដើម្បីកាត់បន្ថយក្លែងបន្លំ។
លោកទេសរដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រះលានយន្តហោះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលគ្រោងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗ ការដឹកជញ្ជូនតាម ផ្លូវទឹក ការរៀបចំក្របខណ្ឌស្ថាប័នទទួលបន្ទុក ភស្តុភាកម្ម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវ តភ្ជាប់ ការកសាងផ្លូវរថភ្លើង ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ការកសាងកំពង់ផែទឹកជ្រៅ ការលុបគ្រលុក សំបុកមាន់នៅ ទូទាំង២៥រាជធានី-ខេត្តតាមរយៈការដាក់ឱ្យដំណើរការរ៉ឺម៉កដែលបំពាក់ ដោយឧបករណ៍ចំនួនជាង ៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗក្នុង គោលបំណង ថែរក្សាបណ្តាញផ្លូវថ្នល់របស់យើងឱ្យជាប់បានយូរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់អំពីសារៈសំខាន់ នៃការអនុវត្តច្បាប់ដើម្បីប្រជា ជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត និងបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ចូលរួមឲ្យ បានសស្រាក់សស្រាំ ក្នុងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅកម្ពុជា៕