(ភ្នំពេញ)៖ លោក ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ បានទទួលជួបតំណាងមកពីអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ​ ហៅកាត់ថា UNIDO រួមមាន​លោក Steffen Kaeser ប្រធានទទួលបន្ទុកផ្នែកស្តង់ដារ ​និងកិច្ចសម្រួលពាណិជ្ជកម្ម និងលោក Karl Shebesta ប្រធានទទួលបន្ទុកផ្នែកប្រព័ន្ធម្ហូបអាហារ និងអាហារបំប៉ន ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី​០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧។

​គោលបំណងនៃជំនួបពិភាក្សា គឺតំណាង​អង្គការ UNIDO បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីការត្រៀមរៀបចំបើកសិក្ខាសាលា ស្តីពីក្របខ័ណ្ឌការងារ នៃកម្មវិធីសម្រាប់ភាពជាដៃគូ ប្រចាំប្រទេស (PCP Framwork) និងចង់បានការណែនាំ និងការផ្តល់ធាតុចូលមួយចំនួនពី លោក​ទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ ផងដែរ។

​តំណាង UNIDO បានបញ្ជាក់ថា​ ការត្រៀមបើកសិក្ខាសាលា នាថ្ងៃបន្ទាប់នេះ គឺផ្តោតជាសំខាន់ទៅលើផែនការ សកម្មភាពនៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៨-២០២៣។​ ជាមួយគ្នានេះ​តំណាងអង្គការ UNIDO ក៏បានជម្រាបជូនពី​គម្រោងចុះស្វែងយល់ នៅតាមបណ្តាខេត្តមួយចំនួន​ដូចជា​ ខេត្តកំពត, ខេត្តព្រះសីហនុ និង​ខេត្ត សៀមរាប​ ដែលជាខេត្តមានសក្តានុពល​ ផ្នែកទេសចរណ៍ និងឧស្សាហកម្ម។

លោកទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកការត្រៀមរៀបចំសិក្ខាសាលា ​នៅថ្ងៃ​នេះ ជាសម្មតិកម្មដ៏សំខាន់ សម្រាប់ការស្វែងយល់​នូវអ្វីជាឱកាស ​និងភាពប្រឈមក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាប្រសិទ្ធភាពនៃការទទួល ​និងការប្រើប្រាស់ជំនួយអន្តរជាតិ​​ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម​ប្រកបដោយចិរភាព។

ដើម្បីឲ្យគម្រោងកម្មវិធីអនុវត្ត បានជោគជ័យតាមការរំពឹងទុក​​ លោកទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ បានផ្តល់អនុសាសន៍ ទៅលើការកំណត់កាលបរិច្ឆេទ ច្បាស់លាស់ នៃការអនុវត្តគម្រោង​កម្មវិធីនីមួយៗ​ តាមរយៈការបង្កើតក្រុមការងារ ជំនាញដោយឡែកៗពីគ្នា ដើម្បីអនុវត្តទៅលើវិស័យជាអាទិភាព​ តាមផែនការជាក់លាក់ ដូចជា៖

-ការគណនាឲ្យឃើញនូវតម្លៃ​សង្វាក់ផលិតកម្ម
-គុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចពិសេស
-ភាពចាំបាច់នៃការកាត់បន្ថយ បែបបបទរដ្ឋបាលស្មុគស្មាញ
-កិច្ចសម្រួលពាណិជ្ជកម្ម
-ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម
-តម្រូវការនៃការបង្កើត​​ មជ្ឈមណ្ឌលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ និងជំនាញឲ្យឆ្លើយតប​ នឹងទីផ្សារការងារ។ល។​

សូមបញ្ជាក់ថា​ កម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ជាគម្រោងកម្មវិធីថ្មីមួយ របស់អង្គការ UNIDO ដើម្បីជម្រុញអភិវឌ្ឍវិស័យឧស្សាហកម្ម ប្រកបដោយចិរភាព​ និងបរិយាប័ន ស្របតាមគោលដៅអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ ដល់ឆ្នាំ​២០៣០។ គម្រោងកម្មវិធីនេះ បាននិងកំពុងអនុវត្ត​ នៅប្រទេសចំនួន​០៣​រួមមាន​ នៅប្រទេស​​ អេត្យូពី សេណេហ្គាល និងប៉េរូ។​ ដោយឡែក​​នៅតំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា​ ជាប្រទេសគំរូក្នុងការអនុវត្តកម្មវិធីនេះ​ ហើយនៅចុងខែ​វិច្ឆិកា​ នេះដែរ លោកទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម អញ្ជើញទៅចូលរួមសន្និសីទ លើកទី១៧​ របស់អង្គការ UNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខា លើការអនុវត្តគម្រាង​កម្មវិធី PCP នេះផងដែរ​៕